ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនមាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជន ទាំងអស់ជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង ០៥ ធ្នូ ២០២២ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះរួមមាន៖
– ដំណើរការសំណេរ ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២
– ដំណើរការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
-ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២
– ក្រសួងកំណត់ ( យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២) សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស។
បេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំ ពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។ មណ្ឌលស្រង់ បូកពិន្ទុដោយ កុំព្យូទ័រ ត្រូវបានកំណត់នៅអគាររដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា(ជាន់ទី៥)។ មណ្ឌលផ្ទៀងផ្ទាត់ពិន្ទុ ត្រូវបាន កំណត់នៅសាលាបឋមសិក្សាចៅពញាហុក ។
វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ក្នុងថ្នាក់នីមួយៗ មាន ៧មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាជា សន្លឹកក្រដាសចែកជូនបេក្ខជន។
គណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។
ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហព័ន្ធ សហភាពយុវជនកម្ពុជា, និងអគ្គិសនីកម្ពុជា។
ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើកគឺ៖ លើកទី១ នៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះ របស់ខ្លួន និងលើកទី២នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។
បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចមានកំណត់ក្នុងសេចក្ដីណែនាំប្រតិបត្តិលេខ៣៤ អយក.សណន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិត វិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
មាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ អាចទទួលបានព័ត៌មានថ្មីៗ ឬសាកសួរ និងបញ្ចេញយោបល់ពាក់ព័ន្ធនឹងដំណើរការប្រឡងខាងលើ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh ៕
ដោយ : សិលា