ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះថាយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសស្រាលខណៈពួកគេបានជិះម៉ូតូធ្លាក់ជង្ហុកដួលហើយត្រូវរថយន្តបើកមកកិនតែម្តង។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ស្ថិតភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះមឿង ស៊ីនឿន ភេទប្រុសអាយុ២០ឆ្នាំស្លាប់ភ្លាមៗនៅនឹងកន្លែងស្នាក់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើលស្រុកសំរោងទង។
បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JO-5072 ឌុបមនុស្ស ម្នាក់ឈ្មោះ យួស វិបុល ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសស្រាលរស់នៅភូមិសុបិន ឃុំត្រពាំងគង ស្រុកសំរោងទង បើកបរពីទិសខាងលិចទៅទិសខាងកើត។
លុះមកដល់ចំណុចខាងលើម៉ូតូបានធ្លាក់ជង្ហុកដួលដោយខ្លួនឯង រួចមានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបើកបរស្របទិសគ្នាចាប់ហ្វាំងមិនទាន់ក៏កិនអ្នកបើកបរម៉ូតូបណ្តាលឲ្យស្លាប់ម្មាក់និងរងរបួសស្រាលម្នាក់។
ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិសរថយន្ដកំពុងស្រាវជ្រាវនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា