ខេត្តបន្ទាយមានជ័យ៖ សាច់មាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ក្លាស្សេ ខូចគុណភាពឈ្មួញខិលខូចមួយចំនួនពីប្រទេសថៃ ដើម្បីលក់ចែកចាយលើពីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តផ្សេងៗកន្លងមកសមត្ថកិច្ចជំនាញតែងតែចុះណែនាំផ្សព្វផ្សាយ និងបង្ក្រាបរឹបអូសយកទៅដុតកម្ទេចចោល និងមានការចាប់ខ្លួនជនប្រព្រឹត្តបញ្ជូនទៅតុលាការជាបន្តបន្ទាប់ក៏តែឈ្មួញទាំងនោះមិនរាងចាល។
ជាក់ស្តែងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ឈ្មួញបានជួលកម្មករដឹកជញ្ជូនផលិតផលនិងសាច់មាន់ខូចគុណភាពជាច្រើននាំចូលពីថៃមកក្នុងកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការណ៍ជាមួយសមត្ថកិច្ចកាំកុងត្រូលស្ទាក់ចាប់បានសាច់មាន់ខូចគុណភាពមួយរថយន្តតែម្តង ខណៈឈ្មួញត្រៀមដឹកចេញទៅលក់ចែកចាយតាមបណ្តាខេត្តប្រទេស។
លោក ហុក ចិត្ត្រា ប្រធានក្រុមបង្កាបង្ក្រាបនៃបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា សាច់ខូចគុណៅភាពដែលបង្ក្រាប ដកហូតបានមាន សាច់មាន់ ជង្គង់ ស្លាប និងគ្រឿងក្នុងមាន់ចម្រុះសរុប៣២០គីឡូក្រាម ដឹកតាមរថយន្តឆ្លាមមួយគ្រឿង ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2C-9188 ដោយឡែកម្ចាស់រថយន្តបានរត់គេចខ្លួនពេលសមត្ថកិច្ចរកឃើញសាច់ខូចគុណភាពនេះ។
លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកទីផ្សារនៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាច់មាន់ និងគ្រឿងក្នុងមាន់ចម្រុះត្រូវបាននាំយកទៅដុតកម្ទេចចោលទាំងអស់នៅក្រោយពីរកឃើញថា មានផ្ទុកសារធាតុគីមីម្យ៉ាង ដើម្បីរក្សាទុកឲ្យនៅស្រស់បានយូរ មិនឆាប់ស្អុយរលួយ ដែលសារធាតុនេះគឺគេប្រើសម្រាប់ចាក់បញ្ជូលសាកសពប៉ុណ្ណោះ នៅពេលយកមកដាក់សាច់មាន់វាបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទិញយកទៅបរិភោគធ្ងន់ធ្ងរណាស់ដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺនិងកើតជម្ងឺផ្សេងៗ។
ទន្ទឹមគ្នានៃការដុតកម្ទេចសាច់មាន់ទាំងនេះ សមត្ថកិច្ចជំនាញក៏អំពាវនាវដល់បងប្អូន ពិសេសស្ត្រីមេផ្ទះគ្រប់រូបមុនទិញទំនិញ ផលិតផល ឬអាហារអ្វីទៅបរិភោគគួរគិតដល់សុខភាព និងមើលសុពលភាព(ដឺឡេ)ប្រើប្រាស់ឲ្យបានល្អិតល្អន់មុនបរិភោគកុំឲ្យប៉ះពាល់ដល់សុខភាព៕
ដោយ៖ សហការី