ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានសារភាពថា លោកមិនចង់ចាប់ផ្តើម មានជម្លោះថ្មីជាមួយរុស្ស៊ីនោះទេ បន្ទាប់ពីការធ្លាក់កាំជ្រួច នៅក្នុងទឹកដីរបស់ប្រទេសលោក។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា «ខ្ញុំមិនចោទប្រកាន់រុស្ស៊ីនោះទេ ហើយខ្ញុំក៏មិនបានពិចារណា លើការប្រើប្រាស់មាត្រាទី៥ នៃសន្ធិសញ្ញា ណាតូនោះដែរ»។
លោក Andrzej Duda បានបញ្ជាក់ថា ការកើនឡើងកម្តៅ រវាងអង្គការណាតូនឹងរុស្ស៊ី មិនមែនជាផលប្រយោជន៍របស់ប្រទេសប៉ូឡូញ ឬសម្ព័ន្ធមិត្តយោធាដឹកនាំដោយ សហរដ្ឋអាមេរិកទាំងមូលនោះទេ។
បន្ទាប់ពីកាំជ្រួចមីសុីល បានធ្លាក់នៅក្នុងភូមិ Przewodow ប្រទេសប៉ូឡូញ លោក Duda បាននិយាយថា កាំជ្រួច “ផលិតដោយរុស្ស៊ី” មានជាប់ពាក់ព័ន្ធ ប៉ុន្តែមិនបានបន្ទោសទីក្រុងមូស្គូនោះទេ។ លោក រួមជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ក្រោយមកបានសារភាពថា ការធ្លាក់នេះគឺបណ្តាលមកពីកាំជ្រួចប្រឆាំងយន្តហោះរបស់អ៊ុយក្រែន ដែលបានហោះខុសគោលដៅធ្លាក់នៅប៉ូឡូញ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានសេវាសន្តិសុខជាតិប៉ូឡូញ លោក Jacek Severa បាននិយាយថា ភស្តុតាងដែលប្រមូលបានដោយអង្គការណាតូ សហរដ្ឋអាមេរិក និងប៉ូឡូញ សុទ្ធតែបង្ហាញថា មីស៊ីលដែលបានសម្លាប់មនុស្សពីរនាក់នោះ គឺធ្វើឡើងដោយកងកម្លាំងអ៊ុយក្រែន មិនមែនរុស្ស៊ីនោះឡើយ។ ទោះជាយ៉ាងណា ទីក្រុង Kiev បានស្តីបន្ទោស ឧប្បត្តិហេតុនេះលើទីក្រុងមូស្គូ។
ទោះបីជាដឹងថា កាំជ្រួចដែលធ្លាក់ក្នុងប្រទេសប៉ូឡូញទំនងជា របស់ការពារដែនអាកាសរបស់អ៊ុយក្រែនក៏ដោយ ក៏អគ្គលេខាធិការអង្គការណាតូ លោក Stoltenberg នៅតែនិយាយថា រុស្ស៊ី “ទទួលខុសត្រូវ” ចំពោះឧប្បត្តិហេតុនោះ។ លោក Stoltenberg បាននិយាយថា មិនមានការចង្អុលបង្ហាញថាឧបទ្ទវហេតុនេះ គឺជាការវាយប្រហារដោយចេតនានោះទេ។
ជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ ភាគីរុស្ស៊ីបានស្នើឱ្យលោកខាងលិច ប្រកាសថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់មីស៊ីល នៅប្រទេសប៉ូឡូញកាលពីថ្ងៃទី ១៥ខែវិច្ឆិកា។
មុននេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ្នកជំនាញបានកំណត់អត្តសញ្ញាណកម្ទេចកម្ទីមីស៊ីលនៅក្នុងរូបភាពពីកន្លែងផ្ទុះនៅប្រទេសប៉ូឡូញកាលពីយប់មិញថាជាបំណែកនៃមីស៊ីល S-300 របស់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : DW