ខេត្តសៀមរាប : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, មូលបទរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ។ នេះ គឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ ។
សម្តេចតេជោថ្លែងថា, យើងត្រូវ ទទួលស្គាល់ និង រំលេចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និង ស្ថិរភាព។ ជាការកត់សម្គាល់, ភាពផ្សារភ្ជាប់គ្នា, ការអាស្រ័យគ្នាទៅវិញទៅមក និង សន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ទន្ទឹមនេះ, អាស៊ាន បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការ ធ្វើសមាហរណកម្មតំបន់, ការអាស្រ័យគ្នាទៅវិញទៅមក និង ការផ្សារភ្ជាប់គ្នា ។
សម្តេចតេជោ មានប្រសាសន៍លើកឡើងថា, តាមទស្សនៈ របស់ខ្ញុំ, ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់, យើងត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច រួមមាន៖
ទី១. លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំ របស់ អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និង សមត្ថភាពក្នុងការកំណត់ និង កែប្រែលទ្ធផល ។
ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និង បើកចំហ ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេច បាននូវនិម្មាបនកម្មសន្តិសុខតំបន់ ។ យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍ, មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និង ស្របតាមមជ្ឈភាពអាស៊ាន និង ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និង ប្រជាជនជាស្នូល ។ យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង ។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព ។ សន្តិសុខអាកាសធាតុ គឺជា បញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែម ទៀត ។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែ មានសារៈសំខាន់ ។
ទី៥. លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ។ ដោយសារមានការកើន ឡើងនៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និង ការគំរាមកំហែងឆ្លងដែន, យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គ ទាំងនេះ ។
សម្តេចតេជោ សង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើកចំហ, ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង, ការបង្ការ ជម្លោះនាពេលអនាគត និង ការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើ ការគោរពគ្ន, ការយោគយល់គ្នា, ការជឿទុកចិត្តគ្នា និង ការគោរពប្រយោជន៍គ្នាទៅវិញទៅមក ។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និង មិនមែនជាប្រពៃណីរបស់ យើង ៕
ដោយ : សិលា