រាជរដ្ឋាភិបាលកម្ពុជាបានជួយអ្នកមានជីវិតពីការជួញដូរ និងការរំលោភបំពានផ្សេងៗជាង ៤ពាន់នាក់ឱ្យមានជីវភាពល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ បណ្ដាជនដែលរស់រានមានជីវិតពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពានផ្សេងៗ ជាង ៤ពាន់នាក់ ត្រូវបានជួយសង្រ្គោះឱ្យមានជីវភាព ​និងជីវិតល្អប្រសើរឡើងវិញ បន្ទាប់ពីជន​រងគ្រោះទាំងនេះ​ត្រូវបានបាត់បង់ក្តីសង្ឃឹម ​អស់ទំនុកចិត្ត ​និងគុណតម្លៃជីវិតរបស់ពួកគេ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការហាការ ​ដែល​បាន​ផ្តល់ជូនក្នុងកម្មវិធីសិក្ខាសាលាមួយ ក្រោម​អធិបតីភាព ​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង ​មហាផ្ទៃ និងជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មា ធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ​នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​បានឱ្យដឹងថា ជនរងគ្រោះទាំង ប្រុសទាំងស្រីជាង៤ពាន់នាក់ដែលត្រូវបានជួញដូរ និង​រំលោភបំពាន ​ត្រូវបានអង្គការហាការ ​សហការជាមួយរាជរដ្ឋាភិបាល ​អង្គការក្រៅរដ្ឋាភិបាលរួមទាំង​ប្រទេសម្ចាស់ជំនួយបានផ្តល់ក្តីសង្ឃឹម​ដល់ពួកគេឡើងវិញ ហើយការផ្តល់ក្តី​សង្ឃឹម​ឡើងវិញនេះ ​មិនត្រឹមតែមាន ស្មារតីល្អនោះទេ ថែមទាំងមានជីវភាពល្អប្រសើរ នៅក្នុង​សហគមន៍​ថែមទៀតផងដែរ។

សេចក្តីប្រកាសព័ត៌មាន ​បានបង្ហាញទៀតថា«យើងបានរួមគ្នាជួយជីវិត​ជនងាយរងគ្រោះ ​និងអ្នក​រស់​រានមាន ជីវិតជាច្រើននាក់ ​ដែលបាត់បង់ក្តីសង្ឃឹម ទំនុកចិត្ត និងគុណតម្លៃជីវិត ​ទៅកាន់ជីវិតថ្មីដែល ពោរពេញ​ដោយក្តីសង្ឃឹម​ និងសុភមង្គល ​ក៏ដូចជាការរួមចំណែកដល់សង្គមជាដើម»។

ប្រភពបាន បញ្ជាក់បន្ថែមទៀតថា ​ចាប់តាំងពីពេលដែលអង្គការ និ​ងដៃគូទទួលយកជនរងគ្រោះមកថែទាំគឺក្រុម ការងារបានធ្វើការជាមួយពួកគេ ​ដើម្បីវាយតម្លៃពីតម្រូវ ការរបស់ពួកគេ ហើយផ្តល់​ជូននូវ​សេវាកម្មដែលមានលក្ខណៈបុគ្គលពេញលេញ ​និងចាំបាច់បំផុត។

ក្រុមការងារបានកសាងទំនុកចិត្តនិងភាពជាសះស្បើយ ឡើងវិញ។ អង្គការសង្គមស៊ីវិល និងដៃគូបានផ្តល់ជូនកន្លែង​រស់នៅ​ប្រកបដោយសុវត្ថិភាព​ ការផ្តល់ប្រឹក្សា ​សេវាកម្មគ្រប់ករណី ជំនួយផ្នែកច្បាប់ ​ការអប់រំ សុវត្ថិភាព​ និងផ្តល់សេវារៀបចំការរៀបចំការ ​ងារដល់ពួកគេផងដែរ។

...

ក្រុមការងារ​បានបង្កើតឱកាសដើម្បីធានាថា ពួកគេម្នាក់ៗនោះមិនគ្រាន់តែរស់រានមាន​ជីវិត​តែ​ប៉ុណ្ណោះទេ ​ប៉ុន្តែត្រូវប្រាកដថាពួកគេម្នាក់ៗនឹងក្លាយជាជើងឯកសម្រាប់​ការផ្លាស់ប្តូរក្នុងជីវិត​របស់​ពួកគេ ​និងនៅក្នុងសហគមន៍ជាដើម៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print