ក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ខែវិច្ឆិកា បានជួយសង្គ្រោះក្មេងប្រុសអាយុ៥ឆ្នាំម្នាក់នៅមានជីវិតក្រោយកប់ក្រោមគំនរអគារបាក់បែក៤៥ម៉ោងបន្ទាប់ពីការរញ្ជួយដីសម្លាប់មនុស្សជិត ៣០០នាក់នៅក្នុងប្រទេសនេះ។
លោក Anissa Novrianti អ្នកនាំពាក្យក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ីបានបញ្ជាក់ថា «ក្មេងប្រុសអាយុ៥ឆ្នាំឈ្មោះ Azka ត្រូវបានជួយសង្គ្រោះនៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី ២៣ខែវិច្ឆិកា»។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានផ្សាយថា ក្រុមជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូណេស៊ីបានទាញយកក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ចេញពីគំនរបាក់បែកនៃផ្ទះដែលដួលរលំ ក្នុងហេតុការណ៍រញ្ជួយដីស្ថិតនៅទីក្រុងសៀនជួរ (Cianjur) ភាគខាងលិចកោះជ្វានៃប្រទេសឥណ្ឌូណេស៉ី។
ក្មេងប្រុសដែលនៅរស់រានមានជីវិតរូបនេះ ឈ្មោះ ពេញ Azka Maulana Malik បានជាប់គាំងក្នុងគំនរបែកបាក់អស់រយៈពេល២ថ្ងៃ ហើយត្រូវបានរកឃើញនៅក្បែរសាកសពជីដូនរបស់គេដែលបានស្លាប់។ ក្រោយមកត្រូវបានជួយសង្រ្គោះចេញមកក្រៅដោយសុវត្ថិភាព។
មកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះមានចំនួន ២៧១នាក់ ប៉ុន្តែអាជ្ញាធររំពឹងថាចំនួននឹងកើនឡើងបន្ថែមទៀត ដោយសារតែកន្លែងកើតហេតុជាតំបន់ដាច់ស្រយាលមួយ ហើយភ្លៀងធ្លាក់ខ្លាំងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ មនុស្សប្រហែល៤០នាក់នៅតែបាត់ខ្លួន និងជាង២,០០០នាក់ផ្សេងទៀតរងរបួស។
គ្រោះរញ្ជួយដីខាងលើនេះគឺបានបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី គិតចាប់តាំងពីឆ្នាំ២០១៨ ជាពេលដែលការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ បានវាយប្រហារទីក្រុងPalu ក្នុងខេត្ត Sulawesi បង្កឱ្យមានរលកយក្សស៊ូណាមិ ការរអិលបាក់ដី សម្លាប់មនុស្សជាង ៤,០០០នាក់៕ ដោយធីរីណា
រូបថត :National Search and Rescue Agency
រូបថត : AFP