សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ លោក ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម ហ្គ្រាហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក តំណាងរាស្ត្រ ហ្គ្រាហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភា តំណាងរាស្ត្រសហរដ្ឋអាមេរិក បានប្ដេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ វិមានសន្តិភាព ក្នុងឱកាសដែល តំណាងរាស្ត្រមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិកដែលបានក្លាយជាសភាសង្កេតការណ៍របស់AIPA។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជា នៅក្នុងរយៈពេលពីរសប្តាហ៍នេះ របស់ លោកប្រធានាធិបតី ចូ បដិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ លោកប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ ហ្គ្រាហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និង លោករដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន (Lloyd Austin) ដើម្បី ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដោយគូសបញ្ជាក់ថា ការអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ ក៏ដូចជាការផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ។

លោកតំណាងរាស្ត្រ ហ្គីហ្គូរី មីក បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំទាំងបីខាងលើប្រកបដោយជោគជ័យ ខណៈដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹង បញ្ហាជាច្រើន ហើយ លោក ក៏បានកោតសរសើរសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះភាពជាអ្នក ដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី កាលពីខែឧសភាកន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែល រៀបចំឡើងដោយ លោកប្រធានាធិបតី ចូ បដិន ហើយដែលជាឱកាសសម្រាប់កម្ពុជាចូលរួម ចំណែកក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានរំលឹកអំពីជំនួបប្រកបដោយ ស្ថាបនា រវាងរូបសម្តេចផ្ទាល់ និងលោកប្រធានាធិបតី ចូ បៃដិន នាពេលថ្មីៗនេះ ក្នុងឱកាសនៃ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកតំណាងរាស្ត្រ ហ្គីហ្គូរី មឹក បានសម្តែងនូវ សេចក្ដីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និង មានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ លោក តំណាងរាស្ត្រ បានអះអាងជូនសម្តេចតេជោថា សហរដ្ឋអាមេរិកចាត់ទុកសម្តេចជា “មិត្ត” ហើយនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយសម្ដេច ខណៈពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពី ការបង្កើតទំនាក់ទំនងការទូតកាលពី៧២ឆ្នាំមុន ហើយថា ប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេល អនាគត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបលោកតំណាងរាស្ត្រ ហ្គ្រាហ្គូរី មីក អំពីដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោបាយនានា សម្រាប់ ការបោះឆ្នោតជាតិនាពេលខាងមុខ។

ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម… សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា…មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកតំណាងរាស្ត្រ ហ្គីហ្គូរី មីក ក៏បានផ្លាស់ប្តូរទស្សនៈ លើការវិវឌ្ឍសំខាន់ៗក្នុងតំបន់ និងសកលលោកផងដែរ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយដែលក្នុងឱកាសនោះ លោកតំណាងរាស្ត្រ បានកោត សរសើរសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្រាប់គោលជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន

និងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយលក្ខណៈត្រង់ទៅត្រង់មក និងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print