សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានបង្ហាញចំណុចជោគជ័យធំៗចំនួន៥នៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ : មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យនៅក្នុងការពង្រឹងយន្តការសភាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព និងដោះស្រាយបញ្ហានានាជូនពលរដ្ឋទាំងនៅក្នុងតំបន់ និងសកលលោក។

ពិធីបិទមហាសន្និបាតបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាយប៉ាលើកទី៤៣។

មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ ដែលជាលទ្ធផលនៃមហាសន្និបាត។ លទ្ធផលសំខាន់ទាំង៥នោះ គឺមហាសន្និបាតលើកទី៤៣ អាយប៉ា បានទទួលយកសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមចំនួន៤ ។ ចំនុចទី២ គឺអាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុងនិង រវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍ ។ លទ្ធផលទី៣ មហាសន្និបាតបានអនុម័តនូវសេចក្តីសម្រេច សំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។ ចំណែកចំណុចទី៤ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាយ៉ាងរឹងមាំ។ លទ្ធផលចុងក្រោយដែលជាចំនុចទី៥ គឺអាយប៉ាបានបង្ហាញច្បាស់ពីគោលការណ៍នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

សម្តេចប្រធានអាយប៉ាលើកទី៤៣ មានក្តីសង្ឃឹមថាមហាគ្រួសារអាយប៉ាទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់និងសកលលោក។

សូមជម្រាបថា មុនពីធីបិទមហាសន្និបាតលើកទី៤៣ ប្រធានគណៈប្រតិភូសមាជិកអាយប៉ា ដែលបានចូលរួមមហាសន្និបាត បានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃមហាសន្និបាត (Joint Communique)។ ពិធីបិទមហាសន្និបាតលើកទី៤៣ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាព និងភាពស្និទ្ឋស្នាលបំផុត បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានផ្ទេរតំណែងប្រធានអាយប៉ាលើកទី៤៤ ជូនដល់ លោកស្រី ពួន ម៉ាហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ផងដែរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print