(ខេត្តបាត់ដំបង)÷ប្រជាកសិករក្នុងខេត្តបាត់ដំបងបានបង្ហាញក្ដីរំភើបសប្យាយរីករាយក្រៃលែង និងថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលដែលបានអន្តរាគមន៍ក្នុងការជួយទប់ ស្កាត់ពីការធ្លាក់ចុះតម្លៃស្រូវបានទាន់ពេលវេលាប៉ុន្មានថ្ងៃមុននេះ ។ តម្លៃស្រូវនៅក្នុងពេលប្រមូលផលនេះកំពុងស្ថិតក្នុងស្ថេរភាពមួយដែលប្រជាពលរដ្ឋអាចទទួលយកបាន។
ជាមួយតម្លៃស្រូវបានប្រសើរឡើងវិញនេះ បងប្អូនប្រជា កសិករក្នុងខេត្តក៏បានស្នើឱ្យក្រុមហ៊ុនដែលមកប្រមូល ទិញស្រូវ សូមបន្តជួយទិញរហូតដល់បញ្ចប់ការប្រមូលផលរបស់ពួកគាត់ ។ រហូតមកដល់រសៀលថ្ងៃទី២៤ ខែ វិច្ឆិកានេះស្ថានភាពនៃការប្រមូលស្រូវរបស់ប្រជាកសិករកំពុងដំណើរការទៅយ៉ាងសស្រាក់ស្រាំ ស្របពេលដែលតម្លៃស្រូវក៏ត្រូវបានកំណត់រួចរាល់និងអាចទទួលយកបាន។
ក្នុងការចុះពិនិត្យមើលពីស្ថានភាពនៃការប្រមូលទិញស្រូវ ពីប្រជាកសិករមួយចំនួននៅតាមបណ្តាស្រុកនានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង លោក ឈឹម វជិរ៉ា ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា តម្លៃស្រូវនៅក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះ កំពុងតែមានស្ថិរភាពមួយល្អដែលប្រជាកសិករយើងអាចទទួល យកបាន នៅពេលដែលឈ្មួញកណ្ដាលបានចាប់ផ្ដើមទិញស្រូវនៅក្នុងតម្លៃមួយសមរម្យ ដោយគ្មានការទម្លាក់តម្លៃដូចកាលពីប៉ុន្មានថ្ងៃមុននេះនោះឡើយ ។
គួររំលឹកថា ដើម្បីជាវិធានក្នុងការទប់ស្កាត់ពីការធ្លាក់ចុះតម្លៃស្រូវកន្លងមកថ្មីៗនេះលោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចាត់ បញ្ជូនមន្រ្តីជំនាញ និងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះពិនិត្យជាក់ស្ដែង និងស្វែងរកដំណោះ ស្រាយសមស្របនៅនឹងកន្លែង ដើម្បីឆ្លើយតបជូនបង ប្អូនប្រជាកសិករ និងបន្ទាប់ពីបានចុះទៅពិនិត្យដល់ទី តាំងជាក់ស្តែងនោះលោកឧកញ៉ាភូ ពុយអគ្គនាយកក្រុម ហ៊ុនបៃតងកម្ពុជា បានស្ម័គ្រចិត្តចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលដោយបានដាក់ចេញគោលការណ៍ក្នុងការរក្សាស្ថេរភាពតម្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោលសម្រាប់ស្រូវ”ផ្ការំដួល”ប្រភេទលេខ ១មិនឱ្យក្រោម៩បាតក្នុងមួយគីឡូក្រាមគឺស្មើ១០៤០រៀលក្នុងគីឡូក្រាម ។
លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ពេលនេះតម្លៃស្រូវនៅក្នុងខេត្តបាត់ដំបងមានភាពល្អប្រសើរឡើងវិញហើយ នឹងធ្វើឲ្យកសិករមានចិត្តសាទរក្នុងការច្រូតកាត់ប្រមូលផល ។ ទន្ទឹមនេះ ក៏បានបង្ហាញក្តីរីករាយ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្នុងការចុះអន្តរាគមន៍បានទាន់ពេលវេលា ជួយទប់ស្កាត់ពីការធ្លាក់តម្លៃស្រូវក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនោះ ៕