តម្លៃរបស់សន្តិភាព គឺរស់នៅសុខដុមរមនាជានិរន្ដរ៍!

ចែករំលែក៖

ភ្នំពេញ : ក្នុងនាមជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាពីសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី២៥ ខែវិច្ឆិកា នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំគណប្រតិភូអន្តរក្រសួង ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដោយអនុវត្តតាមខ្លឹមសារកិច្ចព្រមព្រៀងជាមួយភាគីមិត្តវៀតណាម នឹងប្រារព្ធពិធីនានា នៅចំណុចបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសូសរាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អនុលោមតាមផែនការ ក្រុមការងារបច្ចេកទេសចំនួន៥៩នាក់ និងមធ្យោបាយរថយន្តចំនួន១១គ្រឿង បានធ្វើដំណើរចូលទៅប្រទេសវៀតណាម ដើម្បីរៀបចំរណ្ដាប់ក្រុងពាលី និងព្រេនមុនបើកផ្នូរ បន្ទាប់មកធ្វើការបើកផ្នូរ លាងសម្អាត ហាលសម្ងួត រុំសីមា និងលើកអដ្ឋិធាតុដាក់ចូលប្រអប់មាស។ លុះដល់ថ្ងៃទី០១ ខែធ្នូ ប្រារព្ធពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ដល់ចំណុចព្រំដែនអ៊ិច១៦ ប្រារព្ធពិធីផ្ទេរ ប្រគល់ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរប្រគល់ និងទទួលអដ្ឋិធាតុរវាងតំណាងភាគីកម្ពុជា និងភាគីវៀតណាមក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ជាមួយនឹងគណអធិបតីភាពភាគីវៀតណាម។ កម្មវិធីបន្តនៅថ្ងៃទី២ ខែធ្នូ ពិធីប្រទានភ្លើងបូជាអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩សព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំឡុងថ្ងៃប្រារព្ធពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមិត្តភាព និងសមិទ្ធផលនានា  នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ថា “…វៀតណាម បានជួយយើង ផ្ដល់ដីឱ្យយើង រក្សារអដ្ឋិធាតុយុទ្ធជនរបស់ខ្ញុំ៥៩នាក់ នៅក្នុងប្រទេសវៀតណាម។ ខ្ញុំមិនអាចរកក្រុមគ្រួសារគេបានទេ ខ្ញុំត្រូវផ្ញើអដ្ឋិធាតុនេះនៅក្នុងទឹកដីវៀតណាម ឥឡូវសូមសម្តេច ឯកឧត្តម ធ្វើការពិចារណា តើគួរមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុទាំងនោះត្រឡប់មកាន់កម្ពុជាវិញ ដោយយកតំបន់ប្រវត្តិសាស្ត្រនេះធ្វើជាកន្លែង ទីតាំងអដ្ឋិធាតុនៃយុទ្ធជនទាំងនេះ ដើម្បីប្រគល់ដីទាំងនោះសម្រាប់វៀតណាមវិញ។ វៀតណាមកំពុងធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពវៀតណាមស្មគ្រចិត្ត ត្រឡប់ទៅវៀតណាមវិញ ឯយើងក៏គួរតែដល់ពេលវេលាដែលយើងត្រូវធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជន កងទ័ពរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រឡប់មកមាតុភូមិវិញ ហើយខ្ញុំសុំស្នើឱ្យដាក់នៅក្នុងតំបន់ប្រវត្តិសាស្ត្រនេះ ដោយយើងមិនអាចរកក្រុមគ្រួសារឃើញ។ ហើយរៀងរាល់ ថ្ងៃទី២០ ខែមិថុនា យើងអាចមកគោរពវិញ្ញាណក្ខន្ធផង និងធ្វើការងារនៅកន្លែងនេះផង។ អញ្ចឹងសូមសម្តេចពិចារណា អំពីបញ្ហានេះ ព្រោះឥឡូវនេះខាងវៀតណាម ប្រគល់ដីឱ្យយើង ប្រគល់ទាំងកម្មសិទ្ធិកាន់កាប់នៅទីនោះ។ ប៉ុន្តែ ល្មមដល់ពេលដែលយើងធ្វើមាតុភូមិនិវត្តន៍បងប្អូនទាំងនោះត្រឡប់មកប្រទេសរបស់យើងវិញ”។

បន្ទាប់មកគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានបង្កើតឡើង ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា បានប្រជុំនិងសម្រេចបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីអនុវត្តភារកិច្ច ជាសេនាធិការជូនគណៈកម្មការអន្តរក្រសួង។ កាលពីថ្ងៃទី២៧ ដល់ទី២៩ ខែតុលា ឆ្នាំ២០២២ ខ្ញុំបានដឹកនាំប្រតិភូក្រុការងារបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ទៅជួបប្រជុំពិភាក្សា ចុះត្រួតពិនិត្យតម្រាយផ្លូវ និងដល់ទីតាំងបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយនឹងក្រុមការងារបច្ចេកទេស នៃក្រសួងការពារប្រទេសវៀតណាម ជាលទ្ធផលភាគីទាំងបានឯកភាពគ្នាដោយចុះហត្ថលេខាលើកំណត់ហេតុដែលមានខ្លឹមសារកិច្ចសហការទទួលខុសត្រូវក្នុងដំណើរការពិធីនីមួយៗ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print