ខេត្តកណ្តាល៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារ នាំយកអង្ករ និងថវិកាចែកជូនដល់ក្រុមប្រជាការពារប្រមាណជាង២ពាន់នាក់ នៅទូទាំងស្រុកពញាឮ ខេត្តកណ្តាល ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៥០គីឡូក្រាម និងថវិកា ៥០,០០០រៀល។
ជាក់ស្តែង ក្រុមការងារចុះមូលដ្ឋានទទួលបន្ទុកប្រជាការពារស្រុកពញាឮ រួមជាមួយគណៈកម្មាធិការគណបក្សស្រុកពញាឮ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវិហារហ្លួង និងឃុំកំពង់អុស កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ បានធ្វើការជួបសំណេះសំណាល ជាមួយបងប្អូនប្រជាការពារក្នុងឃុំវិហារហ្លួង មានចំនួន ១១៤នាក់ និងឃុំកំពង់អុស មានចំនួន ១៤០នាក់។
នាឱកាសនេះដែរ ប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក លឹម គានហោ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ជូនចំពោះបងប្អូនប្រជាការពារទាំងអស់ និងបានជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់ប្រជាការពារតាមភូមិ ឃុំ ដើម្បីភូមិ ឃុំយើងមានសុវត្ថិភាព សន្តិសុខ និងបរិស្ថានល្អ ក្នុងមូលដ្ឋាននីមួយៗ។
សូមជម្រាបថា ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់របស់ប្រជាការពារនៅស្រុកពញាឮ ខេត្តកណ្តាល មានឃុំចំនួន១១ និងមានកម្លាំងប្រជាការពារចំនួន ២,០៩២នាក់ ហើយគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយពួកគាត់បានចូលរួមចំណែកយ៉ាងច្រើនលើកកិច្ចរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជាមួយអាជ្ញាធរ ក៏ដូចជាមន្ត្រីនគរបាលមូលដ្ឋានផងដែរ។ ចំណែកអំណោយ និងថវិការបស់ តាហោ ត្រូវបាននាំទៅប្រគល់ជូនដល់ប្រជាការពារបានចំនួន ៥ឃុំហេីយ នៅសល់៦ឃុំទៀត ក្រុមការងារនឹងនាំទៅប្រគល់ជូនជាបន្តបន្ទាប់៕
ដោយ៖ស តារា