ប្រទេសវៀតណាម : នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានថ្លែងក្នុងពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជានៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២នេះថា៖ ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជូនចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជាបងប្អូន ដែលបានជួយឧបត្ថម្ភ-គាំទ្រដល់ចលនាឆ្ពោះទៅផ្តួល រំលំរបបប្រល័យពូជសាសន៍ ពិសេស និងដោយផ្ទាល់យោធភូមិភាគទី៧ អាជ្ញាធរ និងប្រជាជនវៀតណាម ខេត្តដុងណាយ ដែលបានផ្តល់នូវការគាំទ្រ ជួយឧបត្ថម្ភ ចែករំលែក ក្នុងស្ថានភាពដែលមិត្តទើបរំដោះប្រទេស ឯកភាពជាតិ និងទឹកដី ដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមសំណូមពររបស់សមមិត្ត ហ៊ុន សែន បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន ជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាង ៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន ៤៩រូប ដែលបានពលី និងមរណៈ ក្នុងកាលៈទេសៈដ៏លំបាកនោះ បានបញ្ចុះទៅទីនេះ ហើយមិត្តវៀតណាមបានប្រមូលផ្តុំរៀបចំជា បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ ផ្តល់ដី ផ្តល់ប័ណ្ណ ទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ ។ អាជ្ញាធរដែនដី ប្រជាជនវៀតណាម ខេត្តដុងណាយ និងកងទ័ពវៀតណាម ពិសេសយោធភូមិភាគទី៧ កងពលធំលេខ៣០២ បានយកចិត្តទុកដាក់ថែទាំយ៉ាងល្អ។ ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ តាមរយះនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។ នៅក្នុងឱកាសកាសប្រារព្វខួបលើកទី៤៥ នៃដំណើរឆ្ពោះទៅ
ផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្តេចតេជោ បានមានប្រសាសន៍ថ្លែងអំណរគុណមិត្តវៀតណាម ដែលបានជួយឧបត្ថម្ភ-គាំទ្រដល់ចលនាតស៊ូ បង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបានបញ្ជូនកូន ចៅ ប្តីសី ក្នុងនាមកងទ័ព និងជំនាញការស្ម័គ្រចិត្តគាំទ្រ ចូលរួមប្រយុទ្ធដោយផ្ទាល់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្រ្គោះអាយុជីវិតប្រជាជន រំដោះមាតុភូមិ ស្តានិងកសាងឡើងវិញ ប្រទេសកម្ពុជាពីលេខសូន្យរហូតមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ កងទ័ព និងជំនាញការវៀតណាមរាប់សែននាក់ បានពលី ពិការ នៅពេញផ្ទៃប្រទេសកម្ពុជា មួយចំនួនស្ថិតក្នុងការរុករកអដ្ឋិធាតុយុទ្ធជនទាំងនោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍ មកប្រទេសវៀតណាមវិញនៅឡើយ។
ដូចខ្លឹមសារបទចម្រៀងដែលបានពោលថា មាតុភូមិអើយខ្ញុំនឹកអ្នកជានិច្ច ថ្ងៃនេះបងប្អូនទាំង ៤៩រូប នឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យក្រុមការងារបច្ចេកទេសយើងខ្ញុំ សហការជាមួយភាគីមិត្តវៀតណាម ដើម្បីនាំបងប្អូនត្រឡប់ទៅកាន់មាតុភូមិកំណើតវិញ ដើម្បីបានជួបជុំគ្រួសារ ញ្ញាតិសន្តាន និងជនរួមជាតិរបស់បងប្អូន។
ឆ្លៀតឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ក្នុងនាមក្រុមការងារបច្ចេកទេស នៃគណៈ កម្មការអន្តរក្រសួង ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយក្តីស្មោះស្ម័គ្របំផុត ជូនចំពោះក្រុមការងារបច្ចេកទេស នៃក្រសួងការពារប្រទេសវៀតណាម យោធភូមិភាគទី៧ កងពលធំលេខ៣០២ អាជ្ញាធរ និងប្រជាជនខេត្តដុងណាយ ដែលបានផ្តល់ នូវការសហការដ៏ល្អ សម្រាប់ដំណើរការរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា និងការដឹកនាំដោយផ្ទាល់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទោះបីអដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប បានធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាម និងបន្តរៀបចំសិលាចរឹក ដោយរក្សាទុកតំបន់នេះជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ជាភស្ភុតាង នៃសច្ចៈធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរណ៍ និងជាការរំលឹកចងចាំអំពីមិត្តភាព កម្ពុជា-វៀតណាម ។
មុននឹងបញ្ចប់ ខ្ញុំសូមបងប្អូន ក្រុមការងារលោកអាចារ្យ ខិតខំរៀបចំឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងសហការល្អជាមួយភាគីមិត្តវៀតណាម។
សារជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាជន ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីនេះ និងសូមជូនពរបងប្អូនមានសុខភាពល្អ និងជ័យជម្នះ ជូនពរមិត្តភាពកម្ពុជា-វៀតណាម ស្ថិតស្ថេរចិរកាល៕
ដោយ : សហការី