ព្រះធម្មមុនីរង្សី នុត វណ្ណៈ និមន្តជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំងកងការពារព្រំដែនលេខ៥០២

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលការនិមន្តរបស់ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគណស្រុកបាភ្នំ និងលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង តំណាងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងលោកតា លោកយាយជាពុទ្ធបរិស័ទ បានអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគដល់កម្លាំងកងការពារព្រំដែនលេខ៥០២ ដែលមានភារកិច្ចការពារបូរណភាពទឹកដី និងបង្គោលសីម៉ា ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការទិសទី៣ សំឡូត បានលើកឡើងពីអតីតកាលរបស់ស្រុកសំឡូត ដែលបានប្រឈមមុខដាក់គ្នាដោយអាវុធរវាងកម្លាំងរដ្ឋាភិបាលជាមួយកម្លាំងកម្ពុជាប្រជាធិបតេយ្យ ហើយក្រោយការធ្វើសមាហរណកម្មរួចមក បច្ចុប្បន្ននេះយើងកំពុងបានរៀបចំទីតាំងប្រវត្តិកាលដែលបានកើតឡើងក្នុងស្រុកសំឡូតទាំងនោះ ទៅជាតំបន់ប្រវត្តិសាស្រ្តយោធាសម្រាប់កូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ ចំណែកលោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានមានមតិស្វាគមន៍ជូនអង្គពិធីស្តីពីភូមិសាស្រ្តស្រុកសំឡូតដែលបានអភិវឌ្ឍន៍រីកចម្រើនក្រោយការធ្វើសមាហរណកម្មរបស់កងម្លាំងកម្ពុជាប្រជាធិបតេយ្យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះក៏បានលើកពីភារកិច្ច និងការទទួលខុសត្រូវតាមខ្សែបន្ទាត់ព្រំដែន បង្គោលសីម៉ា ព្រមទាំងបានចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិនាផងដែរ។ ហើយជានិច្ចកាលអង្គភាពតែងតែផ្សារភ្ជាប់ទំនាក់ទំនងជួយក្នុងវិស័យព្រះពុទ្ធសាសនាតាមវត្តអារាមដែលស្ថិតក្នុងស្រុកសំឡូត អោយមានភាពប្រសើរឡើងជាលំដាប់នូវផ្នែកសោភ័ណ្ឌភាព សមស្របតាមតម្រូវការ ក្នុងនោះមានទាំងការចូលរួមកម្លាំងកសាងសមិទ្ធិផលសក្ការៈបូជា ផ្លូវធ្វើដំណើរខ្វាត់ខ្វែងសម្រាប់ពុទ្ធសានិក ជួយសង្រ្គោះផ្នែកសុខភាពពេលមានជម្ងឺផ្សេងៗ ឧបត្ថម្ភសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោបក្នុងឱកាសរដូវបុណ្យទាន ដើម្បីជាការលើកស្ទួយជួយទំនុកបម្រុង និងប្រើប្រាស់ក្នុងពេលមានតម្រូវការ ពេលមានកង្វះខាតណាមួយ។
ចំណែកព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគណស្រុកបាភ្នំ បានមានសង្ឃដីការសំណេះសំណាលសួរសុខជាមួយយោធិនក្នុងអង្គភាព និងបានកោតសរសើរគុណសម្បត្តិទាំងអស់នៃចំណងផ្សារភ្ជាប់រវាងអង្គភាពកង៥០២ ជាមួយព្រះពុទ្ធសាសនា តែងតែទៅចូលរួមជាមួយគ្នាដើម្បីកសាងកន្លងមក បានអភិវឌ្ឍតាមវត្តអារាមនានា ក្លាយជាប្រយោជន៍សំខាន់ប្រកបដោយទឹកចិត្ត សេចក្តីជ្រះថ្លា ចំពោះព្រះពុទ្ធសាសនារបស់ប្រជាជនពលរដ្ឋក្នុងស្រុកសំឡូត ក៏ដូចជាប្រទេសកម្ពុជាទាំងអស់គ្នា ដែលគោរពស្រលាញ់ ប្រតិបត្តិ ទុកជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តិសិទ្ធិ ដើម្បីកសាងបុណ្យកុសល ព្រមទាំងសេចក្តីសុខក្សេមក្សាន្តមានដល់យើងទាំងអស់គ្នា ហើយបានព្រមទាំង ជយន្តោប្រោសព្រំផ្តល់នូវពរជ័យ និងសេចក្តីសុខដល់កម្លាំងយើងខ្ញុំផងដែរ។
ជាចុងក្រោយនៃការដឹងគុណ អង្គភាពបានប្រគេនជូនលិខិតថ្លែងអំណរព្រះគុណជូនដល់ព្រះអនុគណស្រុកបាភ្នំ ក្រុមការងារមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង ព្រមទាំងលោកតា លោកយាយពុទ្ធបរិស័ទជាសប្បុរសជន ដែលបានចំណាយពេលវេលា ថវិកា និងនាំយកគ្រឿងឧបភោគបរិភោបជាច្រើន មកជួយឧបត្ថម្ភដល់កងកម្លាំងយើងខ្ញុំមានដូចជា អង្ករ ៧៥០គីឡូក្រាម មី ៩០កេសតូច អំបុក ១៥០គីឡូក្រាម នំអន្សម២៥០នំ ទឹកផ្លែឈើ ៧កេស ទឹកសុទ្ធវីតាល់ ១០កេស ទឹកត្រី ១៣យួរ ទឹកស៊ីអ៊ីវ ១៥យួរ ត្រីខ ១កេសធំ ថវិកា ៦ ៤២៥.០០០រៀល និងបាននិមន្តព្រះសង្ឃ ពុទ្ធបរិស័ទ ឆាន់ និងពិសារភោជនាហារ សាមគ្គី ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print