ប្រធានាធិបតីប៉េរូ តែងតាំងនាយករដ្ឋមន្ត្រីថ្មី

ចែករំលែក៖

ប្រធានាធិបតីប៉េរូ លោក Pedro Castillo កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានតែងតាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Betssy Chavez ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ជំនួសលោក Anibal Torres ដែលទើបតែបានដាក់ពាក្យលាលែងពីតំណែង។

លោកស្រី Betssy Chavez អាយុ៣៣ឆ្នាំ ជាអតីតមេធាវីដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការងារនិងលើកកម្ពស់ការងារផងដែរ។ មុនពេលធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រីបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាលក្នុងរដ្ឋធានី Lima ប្រទេសប៉េរូ។ លោកស្រី Betssy Chavez នឹងក្លាយជានាយករដ្ឋមន្ត្រីទី៥ ចាប់តាំងពីប្រធានាធិបតី Castillo ឡើងកាន់អំណាចក្នុងខែកក្កដា ឆ្នាំ២០២១មក។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា លោកប្រធានាធិបតី Pedro Castillo បានបញ្ជាក់ថា លោកបានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Anibal Torres ដោយថ្លែងអំណរគុណលោក Torres និងបាននិយាយថា លោកនឹងអនុវត្តកំណែទម្រង់គណៈរដ្ឋមន្ត្រី។
នៅក្រោមផែនការនេះ ប្រធានាធិបតី Castillo និងនាយករដ្ឋមន្ត្រី Chavez នឹងធ្វើការរុះរើគណៈរដ្ឋមន្ត្រីចំពេលមានការខ្វែងគំនិតគ្នារវាងប្រធានាធិបតី នឹងក្រុមអភិរក្សនិយមដែលគ្រប់គ្រងរដ្ឋសភា។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសប៉េរូ ប្រធានាធិបតីមានអំណាចក្នុងការរំលាយរដ្ឋសភា ហើយធ្វើការបោះឆ្នោតថ្មី ប្រសិនបើសភាបោះឆ្នោតពីរដងដោយមិនទុកចិត្តលើរដ្ឋាភិបាល។
នៅឆ្នាំ 2019 ប្រធានាធិបតីប្រទេសប៉េរូ លោក Martin Vizcarra បានរំលាយសភា ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតមិនទុកចិត្តចំនួនពីរដង។ នយោបាយប៉េរូតែងតែប្រឈមមុខនឹងភាពតានតឹង។ ចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសប៉េរូមានប្រធានាធិបតីចំនួន ៥រូប។ បច្ចុប្បន្នលោកប្រធានាធិបតី Pedro Castillo ក៏កំពុងប្រឈមមុខនឹងសំណើចោទប្រកាន់ចំនួនពីរនៅក្នុងរដ្ឋសភាដែរ ហើយកំពុងត្រូវបានស៊ើបអង្កេតលើករណីពុករលួយចំនួនប្រាំមួយ៕ ដោយធីរីណា

...

រូប​ថត​ :​thesundaily.my

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print