ប៉ូលិសបែលហ្ស៊ិកត្រូវបង្ខំប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងអ្នកគាំទ្រ ដែលបានបង្កបញ្ហានៅទីក្រុងBrusselsបន្ទាប់ពីប្រទេសនេះបានចាញ់ម៉ារ៉ុក 0-2 ក្នុងការប្រកួត World Cup ឆ្នាំ 2022 នៅប្រទេស កាតា ។
អ្នកគាំទ្ររាប់សិបនាក់បានវាយបំបែកបង្អួចហាង បាញ់កាំជ្រួច និងដុតរថយន្តនៅក្នុងរដ្ឋធានី Brussels ខណៈការប្រកួតរវាងបែលហ្ស៊ិក និងម៉ារ៉ុកមិនទាន់ចប់នៅឡើយ។ ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនពួកជ្រុលនិយម១១នាក់។ មុខសញ្ញាមួយក្រុមនេះ ប្រដាប់ដោយដំបង ហើយត្រៀមវាយប៉ូលិសបង្ក្រាបទៀតផង។ អ្នកកាសែតជាច្រើននាក់បានរងរបួសពេលចុះយកព័ត៌មានពីហេតុការណ៍ហិង្សានេះ។
រដ្ឋាភិបាលក្រុងBrusselsបានចល័តប៉ូលីសចំនួន១០០ នាក់ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម និងព្រមានប្រជាជនទូទាំងទីក្រុង។ ស្ថានីយ៍រថភ្លើងក្រោមដីត្រូវបានបិទ ហើយផ្លូវនានាត្រូវបានបិទ ដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា។ សូម្បីតែប៉ូលិសក៏ត្រូវបញ្ជូនឧទ្ធម្ភាគចក្រទៅត្រួតពិនិត្យហេតុការណ៍នៅតាមផ្លូវផងដែរដែរ។ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងនៅក្នុងទីក្រុង Antwerp ប្រទេសបែលហ្សិក។
អភិបាលក្រុងBrusselsលោក Philippe Close បានសរសេរនៅលើ Twitter ថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនៅរសៀលនេះ។ ប៉ូលីសបានអន្តរាគមន៍យ៉ាងខ្លាំង ខ្ញុំណែនាំអ្នកគាំទ្រកុំទៅទីប្រជុំជន។ ប៉ូលីសកំពុងធ្វើអស់ពីសមត្ថភាព ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ខ្ញុំបានបញ្ជាឱ្យចាប់ខ្លួនអ្នកបង្កបញ្ហាទាំងអស់” ៕ ដោយ ធីរីណា
រូបថត : tienphong.vn