ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងរាល់ថ្ងៃ គឺប្រញាប់ឡើង! សល់២ថ្ងៃទៀតការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២២ នឹងផុតកំណត់
សូមបញ្ជាក់ថា ៖ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ នឹងផុតកំណត់នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។ បើបងប្អូនយឺតយូរ អាចប្រឈមនឹងការពិន័យតម្លៃទ្វេរដង ឬត្រូវសមត្ថកិច្ច សហការជាមួយមន្ត្រីពន្ធដារ ចាប់ពិន័យ មិនខាន ខណៈការបង់ពន្ធជាកាតព្វកិច្ច យើងទាំងអស់់គ្នា ដើម្បីប្រមូលពន្ធចូលរដ្ឋ។
សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបជូនថា, អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញទៀតថា, ដើម្បីងាយស្រួលម្ចាស់យានយន្ត អាចបង់ពន្ធនេះ តាមរយៈកម្មវិធីទូរស័ព្ទ «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។
ការបង់ពន្ធមធ្យោបាយប្រចាំឆ្នាំ តាមរយៈកម្មវិធី «GDT Taxpayer App» ម្ចាស់យានយន្ត មិនចាំបាច់រាប់លុយ, មិនចាំបាច់ធ្វើដំណើរ និងមិនចាំបាច់រង់ចាំ ហើយមានសេវាដឹកជញ្ជូនដល់ផ្ទះថែមទៀតផង។ ដូច្នេះ ប្រញាប់ឡើង!!! ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នឹងផុតកំណត់នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ (២ ថ្ងៃទៀត) ទេ ! ៕
ដោយ : សិលា