យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ទាក់ជាប់ខ្សែភ្លើងតង់ស្យុងខ្ពស់ ស្ថិតនៅជាយក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បណ្តាលឱ្យដាច់ចរន្តអគ្គិសនីជាហូរហែ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះ Montgomery នៅជាយក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកដែលបាននិយាយថា យន្តហោះខ្នាតតូចប្រភេទ Mooney M20J បានធ្លាក់នៅម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ដោយសារតែអាកាសធាតុចុះអ័ព្ទ។
យន្តហោះបានជាប់នឹងខ្សែភ្លើង បណ្តាញអគ្គិសនីនៅកម្ពស់ប្រហែល៣0ម៉ែត្រពីលើដី ដែលបណ្តាលឱ្យផ្ទះប្រហែល១២០.000 នៅក្នុងតំបន់នោះបាត់បង់ថាមពល។ បច្ចុប្បន្នផ្លូវមួយចំនួនត្រូវបានបិទ បង្គោលភ្លើងចរាចរណ៍ជាច្រើននៅតំបន់នោះក៏រងផលប៉ះពាល់ផងដែរ។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយជាបឋមថា មនុស្សពីរនាក់បានរួចជីវិត ប៉ុន្តែបានជាប់នៅក្នុងយន្តហោះ។ ប៉ុន្តែក្រោយមក ប្រធានទីភ្នាក់ងារនេះបានបដិសេធមិនបញ្ជាក់ពីចំនួនមនុស្សនៅក្នុងយន្តហោះនោះទេ ហើយកម្លាំងកំពុងព្យាយាមទាក់ទងអ្នកដែលជិះលើយន្តហោះដោយហៅទូរស័ព្ទ។
ក្រុមអ្នកជួយសង្គ្រោះក៏ត្រូវរកវិធីជួយយន្តហោះជាប់នៅបង្គោលភ្លើង មុនពេលជួយសង្គ្រោះមនុស្សនៅខាងក្នុង។ អាជីវកម្មក្នុងស្រុកមួយ បានដាក់ពង្រាយរថយន្តស្ទូចដ៏ធំមួយដើម្បីជួយក្នុងការងារជួយសង្គ្រោះ ខណៈដែលបុគ្គលិកអគ្គិសនីកំពុងប្រើរទេះរុញដើម្បីចូលទៅជិតយន្តហោះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែល M20J បានហោះចេញពីទីក្រុង Westchester រដ្ឋញូវយ៉ក ហើយហៀបនឹងចុះចតនៅអាកាសយានដ្ឋាន Montgomery ក្បែរកន្លែងធ្លាក់៕ ដោយធីរីណា
រូបថត : Reuters