ការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាបានដល់ជុំទី២ហើយ ហើយការប្រកួតសម្រាប់ពូល H ដែលជាពូលចុងក្រោយគេនឹងចាប់ផ្តើមនៅរាត្រីនេះដោយក្នុងនោះក្រុមកូរ៉េខាងត្បូងត្រូវប៉ះហ្គាណានៅវេលាម៉ោង៨យប់។ ចំំណែកព័រទុយហ្គាល់ត្រូវប៉ះក្រុមខ្លាំងមកពីតំបន់អាមេរិកខាងត្បូងអ៊ុយរ៉ាហ្គាយនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២នេះ។
កាលពីការប្រកួតបើកឆាក្នុងពូល H ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានប្រកួតត្រឹមស្មើ ០ទល់០ទល់នឹងអ៊ុយរ៉ាហ្គាយដោយចែកគ្នាម្នាក់១ពិន្ទុ ប៉ុន្តែក្រុមហ្គាណាបានបរាជ័យក្រោយថ្វីជើងក្រុមព័រទុយហ្គាល់៣ទល់២។ ដូចនេះក្រុមកូរ៉េខាងជើងមានប្រៀបជាងដោយសារកំពុងមាន៣ពិន្ទុនៅក្នុងដៃ ខណៈដែលហ្គាណាស្ថិតនៅក្នុងការប្រកួតដែលត្រូវការឈ្នះដើម្បីរក្សាក្តីសង្ឃឹមនៅ World Cup បន្តទៀត។
ក្នុងការប្រកួតនេះប្រសិនបើក្រុមកូរ៉េខាងត្បូងឈ្នះហ្គាណានោះនឹងទទួលបាន៤ពិន្ទុបន្ថែម ដើម្បីរក្សាក្តីសង្ឃឹមកក់កៅអីទៅកាន់១ក្រុម ប៉ុន្តែបើលទ្ធផលស្មើ ឬចាញ់ហ្គាណាវិញនោះ កូរ៉េខាងត្បូងអាចនឹងពិបា កក្នុងការចាប់យកឱកាស ព្រោះប្រកូតចុងក្រោយត្រូវប៉ះព័រទុយហ្គាល់ដែលជាក្រុមខ្លាំងទៀត។ ចំណែកហ្គាណាត្រូវប៉ះអ៊ុយរ៉ាហ្គាយ។
ការជួបគ្នា៤លើកចុងក្រោយរវាងកូរ៉េខាងត្បូងនឹងហ្គាណាគឺហ្គាណាឈ្នះ២ដង កូរ៉េខាងត្បូងឈ្នះម្តង និងស្មើគ្នាម្តង។ ការព្យាករណ៍តាមគេហទំព័រកីឡាផ្សេងៗ អាចនឹងកូរ៉េខាងត្បូងឈ្នះ២ទល់១ ឬក៏អាចលទ្ធផលស្មើគ្នា០ទល់០។
ចំណែកព័រទុយហ្គាល់នៅតែមានក្តីសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គបន្ត ប្រសិនបើក្រុមនេះស្មើ ឬឈ្នះក្រុមអ៊ុយរ៉ាហ្គាយនៅរាត្រីនេះ។ ព័រទុយហ្គាល់ធ្វើបានល្អក្នុងការប្រកួតនៅថ្ងៃបើកឆាកដោយរកបាន៣ពិន្ទុពីហ្គាណា ខណៈដែលអ៊ុយរ៉ាហ្គាយបានត្រឹមស្មើកូរ៉េខាងត្បូងដោយបាន១ពិន្ទុនៅក្នុងដៃ។
សម្រាប់ព័រទុយហ្គាល់ និងអ៊ុយរ៉ាហ្គាយគឺជាក្រុមដែលទទួលបានការចាប់អារម្មណ៍ដូចគ្នា ដោយការប្រកួតកន្លងមកក្រុមទាំង២ធ្វើបានល្អ គឺព័រទុយហ្គាល់ឈ្នះ៣ប្រកួត និងចាញ់២ប្រកួតក្នុង៥ប្រកួតចុងក្រោយ ខណៈដែលអ៊ុយរ៉ាហ្គាយឈ្នះ២ ស្មើ២ និងចាញ់១ប្រកួត។គូទាំង២នេះធ្លាប់ប៉ះគ្នាចុងក្រោយម្តងកាលពី World Cup ឆ្នាំ២០១៨ ដោយកាលនោះអ៊ុយរ៉ាហ្គាយបានយកឈ្នះព័រទុយហ្គាល់២ទល់១។
តាមការព្យាករណ៍របស់គេហទំព័រកីឡា និងការទស្សន៍ទាយក្រុមទាំងនេះគឺមានភាគរយស្មើគ្នាច្រើនដោយអាចនឹងមានលទ្ធផល១ទល់១ ខណៈដែលការទស្សន៍ទាយខ្លះក៏ឃើញមានការអះអាងថា ព័រទុយហ្គាល់អាចឈ្នះអ៊ុយរ៉ាហ្គាយ១ទល់០ដែរ ។
ក្រុមទាំង២ប្រសិនបើព័រទុយហ្គាល់ឈ្នះ១ប្រកួតនេះទៀតគឺនឹងកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិទោះបីសល់មួយប្រកួតទៀតក៏ដោយ ប៉ុន្តែបើសិនជាស្មើ ឬចាញ់នោះ ព័រទុយហ្គាល់ត្រូវអ៊ុតមើលការប្រកួតចុងក្រោយជាមួយកូរ៉េខាងត្បូងទៀត៕ (រូបភាព ៖ soccerway.com)