អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពី វិធានការតឹងទារបំណុលពន្ធ

ចែករំលែក៖

ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក-លោកស្រី នាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថាសហគ្រាស ភាគច្រើនបានចូលខ្លួនមកធ្វើការទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញ សហគ្រាសទាំងនោះជាច្រើនលើកច្រើនសារឱ្យមកធ្វើការទូទាត់បំណុលពន្ធក៍ដោយ។

អនុលោមតាមមាត្រា ១០៩ មាត្រា ១១១ មាត្រា ១១៣ មាត្រា ១១៤ មាត្រា ១១៥ មាត្រា ១៣៤ នៃច្បាប់ស្តីពីសារពើពន្ធ រដ្ឋបាលសារពើពន្ធមានសិទ្ធិក្នុងការអនុវត្តវិធានការតឹងទារបំណុលពន្ធចំពោះអ្នកជំពាក់បំណុលពន្ធ ដូចខាងក្រោម៖

 – ព្យួរទុកជាបណ្តោះអាសន្ននូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតប) របស់សហគ្រាសដោយមិនអនុញ្ញាតឱ្យស្នើសុំបង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ

-ឃាត់ទុកជាបណ្តោះអាសន្ននូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ

 – សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល

– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ឈប់ ឬផ្អាកដំណើរការសហគ្រាសជាបណ្តោះអាសន្ន

 – សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីឃាត់ទុកគណនីធនាគាររបស់សហគ្រាសឬ និង បុគ្គលពាក់ព័ន្ធ

-សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី ឬ និង ការផ្ទេរភាគហ៊ុន

– សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណផ្សេងៗ ដាក់ពាក្យបណ្តឹងទៅតុលាការចំពោះសហត្រាសដែលជំពាក់បំណុលពន្ធមិនព្រមមកធ្វើការទូទាត់។ ដូចនេះ ដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងជាយថាហេតុចំពោះការអនុវត្តវិធានការតឹងទារបំណុលពន្ធនេះ

សូមលោក លោកស្រីនាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ អញ្ជើញមកធ្វើការទូទាត់បំណុលពន្ធ ឬចូលខ្លួនមក ដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ឬនៅ សាខាពន្ធដារខេត្ត ខណ្ឌដែលជាអង្គភាពគ្រប់គ្រងសហគ្រាសយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ ជាកំហិត។ សម្រាប់ព័ត៌មាន បន្ថែមលោក-លោកស្រីអាចទាក់ទងមកផ្នែកពិគ្រោះយោបល់របស់អគ្គនាយកដ្ឋានពន្ធដារតាមរយៈទូរស័ព្ទលេខ ១២៧៧។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំលើស្មារតីទទួលខុសត្រូវខ្ពស់របស់លោក-លោកស្រីនាយក

សហគ្រាសក្នុងការអញ្ជើញមកទូទាត់បំណុលពន្ធ តាមទីកន្លែងកំណត់ខាងលើកុំបីអាក់ខានឡើយ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print