ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus)

ចែករំលែក៖

ភ្នំពេញ : យោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញ នៃក្រសួងបរិស្ថាន បានដាក់នៅតាមតំបន់ការពារធម្មជាតិ ក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមាននៃសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសំបូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នក បរិស្ថាននិយម។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបមានឱកាសគ្រប់គ្រាន់ ដើម្បីរៀបចំផែនការការពារ និងអភិរក្សធនធានធម្មជាតិ ដែលខ្លួនមានហើយបច្ចុប្បន្ននេះបាននឹងកំពុងតែទទួលបាននូវផ្លែផ្កា។ ក្នុងរយៈពេលចុងក្រោយនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាថតរូបបានតាមម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុង ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី និងនៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត។ នេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់មួយចំនួនទៀតមានចំនួនកើនឡើង»។

ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗអាចមានរហូតដល់ជាងដប់ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។

កត្តាគំរាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកសត្ចក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃក្នុងគោលបំណងផ្សេងៗ។ មានការសិក្សាស្រាវជ្រាវមួយនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ។ តំបន់ណាដែលសំបូរដោយវត្តមានខ្លារខិន នោះនឹង មិនសូវសំបូរវត្តមានសត្វឆ្កែព្រៃឡើយ ព្រោះសត្វទាំងពីរប្រភេទនេះស្វែងរកអាហារដូចគ្នា។

ការរកឃើញវត្តមានសត្វកម្រៗជាច្រើនក្នុងនោះមានសត្វឆ្កែព្រៃនៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា បានបង្ហាញថាតំបន់ការពារធម្មជាតិ ត្រូវបានការពារ និងអភិរក្សបានល្អប្រសើរ និងបានក្លាយជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃ។ ក្រសួងបរិស្ថានក្នុងនាមសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានដែនយុត្តាធិការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីការពារព្រៃឈើដែលជាទីជម្រករបស់ពពួកសត្វព្រៃ។ កម្ពុជាពិតជាមានមោទកភាពដែលមានវត្តមានប្រភេទសត្វកម្រនិងជិតផុតពូជនៅលើពិភពលោកមាននៅកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា, ក្ន្ងងនាមក្រសួងបរិស្ថាន ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សជីវៈចម្រុះជាពិសេសប្រភេទសត្វព្រៃជិតផុតពូជ កុំព្យាយាមនាំសត្វស្រុកចូលក្នុងព្រៃព្រោះសត្វស្រុកដូចជាសត្វឆ្កែជាដើម ដែលទឹកមាត់របស់វាមានផ្ទុលមេរោគអាចបង្កផលប៉ះពាល់ដល់សត្វឆ្កែព្រៃ និងរួមគ្នាថែរក្សាសត្ចព្រៃទាំងឡាយឱ្យបានគងវង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយនិយាយថាទេចំពោះសាច់សត្វព្រៃ និងកុំប្រើប្រាស់របររបរដែលផលិតពីវត្ថុធាតុដើមធ្វើពីសំណាកសត្វព្រៃ

#ធនធានធម្មជាតិ #បរិស្ថាន #យុទ្ធនាការអន្ទាក់សូន្យ #បញ្ឈប់ការជួញដូរសត្វព្រៃ #អភិរក្ស ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print