ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅបរិវេណ វត្តកំបូល ផ្លូវជាតិលេខ៤ ខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៩វិច្ឆិកានេះ ប្រជាពលរដ្ឋ បានស្នើនិងសំណូមពរ អោយអាជ្ញាធរ ជួយស្ថាបនាផ្លូវ លូ ការស្ដារប្រឡាយមេ ពិសេសគឺ ការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដីពីក្រុមហ៊ុនឯកជនមកអោយប្រជាពលរដ្ឋ ។ នេះជាកង្វល់ធំរបស់ពួកគាត់ ក្នុងវេទិកាផ្សព្វផ្សាយនេះដើម្បីទៀមទាអោយអាជ្ញាធរជួយដោះស្រាយជូន។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាល រងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
វេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិងសំណើរដោយផ្ទាល់មាត់ចំនួន១៥នាក់និងសំណើរជាលាយលក្ខណ៍អក្សរជាច្រើនបញ្ហាទៀតផងដែរ ។ចំពោះ សំណួរនិងសំណើរផ្ទាល់មាត់រួមមាន៖ ការស្នើអោយអាជ្ញាធរជួយស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដីពីក្រុមហ៊ុនឯកជនមកអោយប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិក្រាំងស្លឹក សង្កាត់កន្តោក ការស្នើសុំជួយអន្តរាគមន៍ពីអ្នករត់ការលើប្លង់ដីអស់លុយ២៩០០ដុលារនិងប្រើពេល១០ខែហើយមិនទាន់បាន ការសុំបើកផ្លូវដែលក្រុមហ៊ុនបានបិទកាលពីបុណ្យភ្ជុំបិណ្ឌនេះ និងការស្នើសុំស្ថាបនាផ្លូវ លូ ស្តារប្រឡាយ តបណ្តាញទឹកស្អាតជាដើម។
ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់ទាំង១៥នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌ រាជធានីនិងមន្ទីរជំនាញធ្វើការបកស្រាយបំភ្លឺភ្លាមៗជូនប្រជាពលរដ្ឋផងដែរ ដោយរាល់សំណើរ សំណូមពរខ្លះត្រូវបានដោះស្រាយបានលទ្ធផលភ្លាមៗនិងសំណើរ សំណូមពរខ្លះទៀតរងចាំប្រជុំនិងពិភាក្សាដោះស្រាយជូននៅពេលក្រោយបន្តបន្ទាប់ទៀត។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានមានប្រសាសន៍ថា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន នាប៉ុន្មានឆ្នាំនេះ គឺពិតជាមានបញ្ហា ដោយគម្រោងខ្លះត្រូវខកខានឬពន្យាពេលដោយបញ្ហាសារជម្ងឺកូវីដ-១៩ តែរាល់សំណើរនិងសំណូមពរខ្លះរបស់បងប្អូន មានមួយចំនួនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ ហើយយើងក៏តែងបានអោយមេភូមិ ចៅ សង្កាត់ផ្សព្វផ្សាយពីគម្រោងរបស់ខណ្ឌនិងសង្កាត់ ដែលត្រូវអនុវត្តទាំងនោះអោយប្រជាពលរដ្ឋបានជ្រាបផងដែរ។
ចំពោះ ការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដីពីក្រុមហ៊ុនឯកជនមកអោយប្រជាពលរដ្ឋ នៅភូមិក្រាំងស្លឹក សង្កាត់កន្តោក លោកអភិបាលខណ្ឌបានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធរគឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋហើយ យើងមិនបានព្រងើយកន្តើយឡើយ ។កន្លងមកនេះយើងបានចុះពិនិត្យរួចហើយ គឺខាងក្រុមហ៊ុន ចង់ធ្វើប្លង់ទន់ជូនប្រជាពលរដ្ឋ ដោយអោយអាជ្ញាធរខណ្ឌចុះហត្ថលេខាលើប្លង់ទន់នេះ ។ប៉ុន្តែដោយដីទាំងនេះជាប្រភេទដី ដែលខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បញ្ជាក់ថាជាប្រភេទដី មានប្លង់រឹង ទើបអាជ្ញាធរមិនចុះហត្ថលេខាលើប្លង់ទន់នេះជូន ព្រោះបើយើងចុះហត្ថលេខាគឹខុសច្បាប់។ ប៉ុន្តែទោះជាយ៉ាងណាក្តីករណីនេះ អាជ្ញាធរខណ្ឌនឹងធ្វើការស្នើសុំទៅអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ដោយមិនអស់ប្រាក់តែម្តង ដោយមិនបាច់ពឹងអ្នករត់ការអស់លុយរាប់ពាន់នោះទេ ។ ចំពោះការស្នើសុំការស្តារប្រឡាយនោះ អាជ្ញាធរខណ្ឌកំបូលនឹងដោះស្រាយជូនប្រជាពលរដ្ឋនៅខែ០៣ខាងមុខនេះ ពោលគឺដាក់គ្រឿងចក្រចុះកាយតែម្តង។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ ។ តែពេលនេះយើងបានជួបជុំគ្នាជាធម្មតាឡើងវិញហើយ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន៕ ដោយ៖ សំរិត