ខេត្តព្រះសីហនុ- អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកាឧបត្ថម្ភរបស់នាយទាហាន នាយទាហានរង នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ទឹកប្រាក់ចំនួន ៧៥០,០០០រៀល (ប្រាំពីររយហាសិបពាន់រៀលគត់) និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមមាន: អង្ករ ចំនួន ០២បាវ ស្មើនឹង ៥០គីឡូក្រាម, ទឹកក្រូច ០១កេស, ទឹកបរិសុទ្ធ ០១កេស ប្រគល់ជូនលោកអនុសេនីយ៍ឯក សួង ហាន មុខតំណែង នាយរងក្រុមសណ្ដាប់ធ្នាប់ កងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលកំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ត្រី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើក្តីនឹករំលឹក ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជូនពរដល់លោកអនុសេនីយ៍ឯក សួង ហាន ឱ្យឆាប់បានជាស្បះស្បើយពីជំងឺទាំងឡាយទាំងពួង។
ក្នុងឱកាសនេះ លោកអនុសេនីយ៍ឯក សួង ហាន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណប្រកបដោយអារម្មណ៍កក់ក្តៅ ដោយបានការយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងនាយទាហាន នាយទាហានរង នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុទាំងអស់ ដែលបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ស្របពេលរូបលោកកំពុងមានជំងឺនាពេលនេះ ៕
ដោយ : សិលា