ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានចុះបង្រ្កាបបទល្មើសលក់សត្វព្រៃ ក្នុងភោជនីដ្ឋាជនជាតិចិនមួយកន្លែងដោយរឹបអូសសត្វព្រៃបានជាច្រើនគីឡូ ប៉ុន្ដែមិនដាក់ទោសអ្នកប្រព្រឹត្ដឡើយ ដោយគ្រាន់តែផាកពិន័យនិងធ្វើកិច្ចសន្យាបញ្ឍប់តែប៉ុណ្ណោះ។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ក្នុង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោមការដឹកនាំពីលោកថេង សំណាង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
ភោជនីយដ្ឋានដែលលក់សាច់សត្វព្រៃនោះ ជារបស់ជនជាតិចិនដែលមានយីហោ “អិល អិល អាយ អិនស៊ីហ្វូត” LLIN Sea Food” ស្ថិតក្នុងតំបន់ទេសចរណ៍ក្រុងសៀមរាប។ សត្វព្រៃទាំងនោះ ត្រូវសមត្ថកិច្ចជំនាញយកទៅប្រលែងនៅ អង្គការអភិរក្សមជ្ឍមណ្ឌលចម្រុះអង្គរ ACCB ភ្នំក្បាលស្ពាន ក្នុងស្រុកបន្ទាយស្រី។
លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាល ព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ប្រតិបត្ដការនេះ ចាប់បានសត្វពស់ព្រៃ២ក្បាល ទម្ងន់៤គីឡូក្រាមនិងអណ្ដើកព្រិចចំនួន៧ក្បាលស្មើនិង៨គីឡូក្រាម។ ប៉ុន្ដែហាងលក់ដូរសាច់សត្វព្រៃនោះ សមត្ថកិច្ចមិនបានបិទនោះទេ ដោយគ្រាន់តែធ្វើកិច្ចសន្យា ផាកពិន័យនិងបញ្ឍប់នូវការជួញដូរ។ លោកបន្ថែមថាសត្វព្រៃដែលបង្ក្រាបបានសមត្ថកិច្ចបានសម្រេចដឹកយកប្រគល់ឲ្យអង្គការអភិរក្សមជ្ឍមណ្ឌលចម្រុះអង្គរ ACCB នៅចំណុចភ្នំក្បាលស្ពានភូមិ-ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យ៉ាងណាក៏ដោយតាមការសង្កេតឃើញកន្លងមក មានភោជនីយដ្ឋាន និងកន្លែងសេវាកំសាន្ដជាច្រើនទៀត នៅតំបន់ទេសចរណ៍អង្គរ បានជួញដូរសាច់សត្វព្រៃ បើទោះបីសមត្ថកិច្ចជំនាញដឹងក៏ដោយដែលគេសង្ស័យថា ជាឆ្នាំបាយរបស់ពួកគេ៕
ដោយ៖ និរន្ដរ៍