ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយដង្ហេីបចង្រឹត ដោយអ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានជួយយកបំពង់ពន្លត់អគ្គិភ័យនិងជះទឹកពន្លត់ភ្លាមៗ ។ ហេតុការណ៍នេះបានបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីជញ្ជាំងផ្ទះទីតាំងរងគ្រោះ ពេលនោះប្រជាពលរដ្ឋរស់នៅជិតខាងក៏យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់បឋម និងបានរាយការមកសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ ។ ពេលនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញបានមកដល់ទីតាំងនៅកន្លែងកើតហេតុចំនួន០៣គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានសហការគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងជះទឹកយ៉ាងញាប់ដៃជេីងទេីបរលត់ទៅវិញទាំងស្រុង ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ។
ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យមកពីឆ្លងចរន្តអគ្គិសនី និងមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡេីយ ៕
ដោយ ៖ ភារ៉ា ដង្កោ