(ភ្នំពេញ)៖ សិក្ខាកាមនគរបាលជាតិកម្ពុជា១៨នាក់ ដែលបានសិក្សារៀនសូត្រ បណ្តុះបណ្តាលជំនាញសន្តិសុខ នៅមហាវិទ្យាល័យសន្តិសុខ ប្រជាជន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមទទួលសញ្ញាបត្របញ្ចប់វគ្គសិក្សាដោយជោគជ័យ បន្ទាប់ពីសិក្ខាកាមនគរបាលជាតិកម្ពុជាទាំងនេះបានរៀនសូត្ររយៈពេល ៥ឆ្នាំនៅក្នុងប្រទេសវៀតណាមរួចមកហើយនោះ។
ពិធីបិទវគ្គបាន ធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជភ្នំពេញតំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ជ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខ ប្រជាជន ក្រសួងនគរបាលវៀតណាម។
លោកឧត្តមសេនីយ៍ត្រី ជ័ន មិញលី នាយកមហាវិទ្យា ល័យសន្តិសុខ ប្រជាជន ក្រសួងនគរបាលវៀតណាមមានប្រសាសន៍ថា សាលាមហាវិទ្យាល័យសន្តិសុខ ប្រជាជន ក្រសួងនគរបាលវៀតណាម អនុវត្តទៅតាមផែនការកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា លើកិច្ចសហប្រតិបត្តិការការងារបណ្តុះបណ្តាល ក្នុងនោះសិក្ខាកាមនគរបាលជាតិម្ពុជា១៨ ត្រូវបានអនុញ្ញាតឱ្យចូលសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលវគ្គជំនាញសន្តិសុខ ដោយបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលជោគជ័យមួយរយភាគរយ បន្ទាប់ពីសិក្ខាកាមនគរបាលជាតិកម្ពុជា បានរៀនសូត្រនូវមុខវិជ្ជាសំខាន់ៗនៅសាលាវិទ្យាល័យសន្តិសុខប្រជាជន វៀតណាម។
លោកឧត្តមសេនីយ៍ត្រី ជ័ន មិញលី បានលើកឡើងផ្តាំ ផ្ញើដល់សិក្ខាកាមនគរបាលជាតិកម្ពុជា ដែលបានបញ្ចប់វគ្គនៅពេលនេះ សូមយកចំណេះវិជ្ជានិងជំនាញដែលទទួលបានការបណ្តុះបណ្តាលហើយនោះ យកមកបំរើប្រទេសជាតិកម្ពុជា លើការងារសន្តិសុខ សណ្តាប់ធ្នាប់ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាងនេះថែមទៀតលោកនាយកសាលាក៏បានលើកឡើងទៀតថាអនុវត្តតាមកិច្ចសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមគឺសាលានឹងបាន រៀបចំយកចិត្តទុកដាក់កសាងអគារស្នាក់នៅ ដ៏ទំនើប ដើម្បីទុកការស្នាក់នៅរៀនសូត្រសម្រាប់នគរបាលជាតិកម្ពុជា មកសិក្សារៀនសូត្រនៅសាលាមហាវិទ្យាល័យសន្តិសុខ ប្រជាជនវៀតណាម។
ឧត្តមសេនីយ៍ឯក ស ថេត មានប្រសាសន៍លើកឡើងស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះប្រតិភូដឹកនាំដោយនាយកមហាវិទ្យាល័យសន្តិសុខប្រជាជនវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិងប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមនគរបាលជាតិកម្ពុជា១៨នាក់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលនេះប្រកបដោយជោគជ័យ នឹងបានវាយតម្លៃខ្ពស់ក៏ដូចជាការចូលរួមអបអរសាទរជាមួយសិក្ខាកាមនគរបាលជាតិកម្ពុជាដែលបានខិតខំប្រឹង ប្រែងរៀនសូត្រទទួលបានចំណេះជំនាញពិតប្រាកពីសាលាមហាវិទ្យាល័យសន្តិសុខ ប្រជាជនវៀតណាម ដើម្បីយកជំនាញទាំងនេះមកបំរើការងារជូនអង្គភាពនិងប្រទេសជាតិឱ្យទទួលបាននូវប្រសិទ្ធភាពការងារ។
ឧត្តមសេនីយ៍ឯក ស ថេត លើកឡើងថា៖ បច្ចុប្បន្នទោះបីព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពស្ថិរភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់និងនៅលើពិភពលោក ប៉ុន្តែកម្ពុជានៅតែត្រូវការគាំទ្រជាចាំបាច់ពីក្រសួងនគរបាលវៀតណាម ឱ្យបន្តជួយលើការងារបណ្តុះបណ្តាលជាបន្តបន្ទាប់លើជំនាញផ្សេងៗហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមរួចជាស្រេចដើម្បីចាត់បញ្ជូនមន្រ្តីនគរបាលទៅសិក្សារៀនសូត្រជំនាញចាំបាច់ផ្សេងៗនៅមហាវិទ្យាល័យសន្តិសុខ ប្រជាជនវៀតណាមពីព្រោះភាគីមិត្តវៀតណាមគឺមានជំនាញច្បាស់លាស់ក្នុងការបណ្តុះបណ្តាលសម្រាប់ឱ្យនគរបាលជាតិកម្ពុជា យកមកអនុវត្តការងារបង្ការទប់ស្កាត់និងបបង្រ្កាបបទល្មើសនានាទទួលបានប្រសិទ្ធភាពខ្ពស់ ពីព្រោះថាការកសាងធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ គឺជាការងារដ៏មានសារៈសំខាន់បំផុតនៅក្នុងតំណាក់កាលដែលប្រទេសជាតិកំពុងរីកចម្រើនគ្រប់វិស័យរាប់ទាំងផ្នែកបច្ចេកវិទ្យានិងព័ត៌មានវិទ្យាជាដើមនោះ៕