នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៦ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ៨នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេសចំនួន ០៨នាក់​ នេះបេី​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៧ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអ្នកនាំពាក្យ​រូបនេះ​ បានថ្លែងបន្តថា​ សំណើទាំង ០៦ករណី គឺស្នើឱ្យសង្រ្គោះជនជាតិចិនចំនួន ៨នាក់ និងវៀតណាម ១នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា​៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញនេះ​ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦២០ករណី មានមនុស្ស ១,៥៣០នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម រកឃើញ ៣៣៦សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៧៤៧នាក់, ឃាត់ខ្លួនជនសង្ស័យ ៩០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៤៧ករណី។

សូមជម្រាបដែរថា​ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​នេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print