ខេត្តបាត់ដំបង : បើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា,នាព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ នៃវិទ្យាល័យជ្រៃ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត, ស្នងការខេត្ត, មន្ទីរជំនាញជុំវិញខេត្ត, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នាឱកាសនោះ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គអំពីស្ថានភាពរួម និងការអភិវឌ្ឍន៍របស់ស្រុកថ្មគោល ថា ស្រុកថ្មគោល មានផ្ទៃដីសរុប ៨១,៧០០ហិកតា មានប្រជាពលរដ្ឋសរុប ៣១,៣១៥គ្រួសារ ស្មើនឹង ១១៩,៨៦៥នាក់ ក្នុងនោះស្រី ៦១,២៣៩នាក់។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរមូលដ្ឋានទាំងអស់នៃស្រុកថ្មគោល បានពង្រឹងការការពារ ថែរក្សា នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាមួយនឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើឱ្យសន្តិសុខសណ្តាប់ធ្នាប់ទូទាំងស្រុក មានភាពល្អប្រសើរ។
លោក បានបន្ដទៀតថា នៅឆ្នាំ២០២២ បទល្មើសគ្រឿងញៀនបង្ក្រាបបាន ៣៦លើក ឃាត់ខ្លួនមនុស្សបានចំនួន ៤០នាក់ ក្នុងនោះ បានបញ្ជូនមនុស្សទៅមណ្ឌលបន្សាបសារធាតុញៀន (បវេល) ចំនួន ២៨លើក មនុស្ស ៤៨នាក់។ ការបង្ក្រាបល្បែងស៊ីសង បានចំនួន ១០៧លើក មនុស្សចំនួន ១១៦នាក់ ស្រី ៩២នាក់ អប់រំ និងធ្វើកិច្ចសន្យានៅហ្នឹងកន្លែង។ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៩លើក ស្លាប់មនុស្សចំនួន ១៤នាក់ របួសមនុស្សចំនួន ៣៥នាក់ (ស្រី ១២នាក់) ក្នុងនោះរបួស ធ្ងន់ចំនួន ២០នាក់ (ស្រី ៧នាក់)។
ជាមួយគ្នានេះដែរ លោក អភិបាលស្រុក បានឱ្យដឹងថា ចំពោះវិស័យអប់រំ នៅទូទាំងស្រុក មានសាលាចំនួន ៥៨សាលា ស្មើនឹង១៦២ខ្នង មាន ៦៦៩បន្ទប់ គូ្របង្រៀនមានចំនួន ៧៧៧នាក់ ស្រី ៤៣០នាក់ គ្រូកិច្ចសន្យា ៣៤នាក់ ស្រី២៥នាក់។ ដោយឡែក វិសយ័កសិកម្ម ក្នុងឆ្នាំ២០២២ កន្លងមកនេះ ស្រុកថ្មគោល មានផែនការដាំដុះលើផ្ទៃដី ៥៧,៩០០ហិកតា។ លោក បន្ដថា ឆ្នាំនេះ ស្រុកថ្មគោលទទួលរងគ្រោះទឹកជំនន់ ដែលធ្វើឱ្យទិន្នផលស្រូវរបស់ប្រជាកសិករមានការធ្លាក់ចុះ ដោយមានការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងជួយសង្គ្រោះពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដល់ពូជស្រូវដើម្បីជួយសង្គ្រោះ ស្តារឡើងវិញ បានចំនួន ២,៤៧៨ តោន ស្មើនឹង២ ៤៧៨ហិកតា ដោយនាំទឹកពីអាងកំពីងពួយ និងប្រភពទឹកផ្សេងៗទៀត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋធ្វើការដាំដុះឡើងវិញ។
ចំពោះការងារផ្តល់សេវានៅច្រកចេញចូលតែមួយ ៖ ការិយាល័យច្រកចេញចូលតែមួយស្រុកថ្មគោល បានចាប់ផ្ដើមដំណើរការផ្តល់សេវាចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដល់បច្ចុប្បន្ន គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។ ការផ្តល់សេវាក្នុងឆ្នាំ២០២២នេះ សរុប ២៣,៤១២សេវា រួមមាន៖ នីត្យានុកូលកម្មបានចំនួន ១០,៨២៦, អត្រានុកូលដ្ឋានបានចំនួន១២,២០៥, វិស័យទេសចរណ៍បានចំនួន០៨, វិស័យវប្បធម៌ចំនួន២៤, វិស័យពាណិជ្ជកម្មចំនួន១០៧ វិស័យឧស្សាហកម្ម សិប្បកម្មចំនួន៣, វិស័យសុខាភិបាលចំនួន១៦. វិស័យអប់រំយុវជននិងកីឡាចំនួន២វិស័យកសិកម្មចំនួន ០៨, វិស័យសាធារណៈការ និងដឹកជញ្ជូនចំនួន១១៨, វិស័យសំណង់ថ្មីចំនួន៦៨។
លោក អភិបាលស្រុក បន្ថែមទៀតថា ការងារសង្គមកិច្ច តាមរយៈការគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុក បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្តល់ជូន ប្រាក់ឧបត្ថម្ភជាថវិកាប្រចាំខែ ជូនជនពិការក្រីក្រក្នុងស្រុកថ្មគោលដែលបានចំនួន ១,៣៤៩នាក់ និងប្រជាពលរដ្ឋជាគ្រួសារក្រីក្របានចំនួន ១១,៣៧៤គ្រួសារ និងគ្រួសារងាយរងហានិភ័យបានចំនួន ៣,៣១១ គ្រួសារផងដែរ៕
ដោយ ៖ សហការី