ភ្នំពេញ : នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជា មានរៀបចំពិធីបាឋកថាស្តីពី ឈ្វេងយល់ពីវិជ្ជាពេទ្យបុរាណចិន ដែលមានអ្នកចូលរួមសរុបចំនួន៨០រូប មកពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Xiyuan នៃបណ្ឌិតសភាវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា បានយល់ស្របនឹងបទបង្ហាញប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅរបស់លោកស្រី Fan Maorong ប្រធានផ្នែកវេជ្ជសាស្រ្តបុរាណចិនប្រចាំនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈដែលបានរំលេចនូវអត្ថប្រយោជន៍នៃការព្យាបាលជំងឺតាមវេជ្ជសាស្រ្តបុរាណចិនដែលមិនត្រឹមតែបង្កើនភាពស៊ាំដល់រាងកាយប៉ុណ្ណោះទេ តែថែមទាំងមានភាពចំណាស់និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺប្រកដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដោយផ្តោតលើការលើកតម្កើងក្នុងការប្រើប្រាស់ថែរក្សាសុខភាព។
ភាពល្បីរន្ទឺនៃវេជ្ជសាស្រ្តបុរាណចិនបានក្លាយជាជ្រុងមួយនៃវប្បធម៌ចិន ហើយកាន់តែមានភាពល្បីល្បាញក្នុងពេលដែលវិធីព្យាបាលទាំងនេះបានផ្តល់ផលយ៉ាងល្អប្រសើរនៅក្នុងការព្យាបាលជំងឺCovid-19។ ប្រជាជនកម្ពុជាបានចងចាំច្បាស់ណាស់ក្នុងឆ្នាំ២០២០ដែលក្រុមវេជ្ជសាស្ត្របុរាណចិនបានមកជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ហើយចាប់ពីឆ្នាំ២០២១មក ការប្រើប្រាស់រួមដោយគួបផ្សំគ្នានៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងថ្នាំបុរាណចិន Lian Hua Qing Wen បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជា ស្ថានភាពរោគរបស់អ្នកឆ្លងជំងឺកូវីដ១៩មានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ដែលបានកាត់បន្ថយអត្រានៃករណីធ្ងន់ធ្ងរយ៉ាងច្រើន។
លោកបណ្ឌិតបន្ថែមទៀតថា ការព្យាបាលតាមបែបវេជ្ជសាស្រ្តបុរាណចិនមានតែផលវិជ្ជមាន គ្មានផលរំខាន ឬផលអាក្រក់ជះត្រឡប់មករាងកាយរបស់យើងវិញឡើយ ប្រៀបដូចជាការអភិវឌ្ឍរបស់ប្រទេសចិន ជាអ្វីដែលយើងទាំងអស់គ្នាប្រាកដជាអាចទទួលបានផលប្រយោជន៍ ហើយការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនជាការសង់ស្ពានមេត្រីភាពកាន់តែរឹងមាំក្នុងការចងស្ពាន មេត្រីភាព រក្សាបាននូវមិត្តភាព សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបង្កើតនិងបង្កើនទំហំនំខេកផលប្រយោជន៍ដល់ពិភពលោក ក្នុងគោលបំណងកសាងបាននូវសហគមន៍រួមវាសនារបស់មនុស្សជាតិ។
លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរចំពោះលោកស្រី Fan Maorong ដែលបានសម្រិតសម្រាំងនូវខ្លឹមសារសង្ខេបងាយយល់ដល់អង្គពិធី ហើយបេសកកម្មរបស់ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិននៅកម្ពុជាគឺជាការចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលមិនត្រឹមតែជាការចូលរួមក្នុងកិច្ចបង្កើនសេវាសុខភាពសាធារណៈកាន់តែប្រសើរនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចាក់ឫសយ៉ាងជ្រៅទៅក្នុងការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនថែមទៀតផង៕
ដោយ : សហការី