សារព័ត៌មាន Interfax នៅថ្ងៃទី៣០ ខែវិច្ឆិកាបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ដែលបានប្រកាសថា ប្រាក់ចំណូលរបស់រុស្ស៊ីឈានដល់ ២០ពាន់ពាន់លាន rubles (ប្រហែល 329 ពាន់លានដុល្លារ) ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ ដែលស្មើនឹងការកើនឡើង ១០% ទោះបីជាមានវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងពីប្រទេសលោកខាងលិចក្តី។
លោក Mishustin បាននិយាយថា “ទណ្ឌកម្មមិនរំខានដល់ស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី និងមិនប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនោះឡើយ “។ លោកបានអះអាងថា រដ្ឋាភិបាលរុស្ស៊ីបានចាត់វិធានការជាប្រព័ន្ធដើម្បីស្ថិរភាពសេដ្ឋកិច្ច និងគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម។
យោងតាមនាយករដ្ឋមន្ត្រី Mishustin ខណៈដែលប្រាក់ចំណូលកើនឡើង ការចំណាយថវិការបស់រុស្ស៊ីក៏កើនឡើង 5.5% ដល់ប្រហែល 19.5 ពាន់ពាន់លានរូប្ល្លិ៍ ហើយបំណុលសាធារណៈរបស់រុស្ស៊ីក៏ថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន បស្ចិមប្រទេសបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្ទាន់ដោយមានគោលដៅផ្តាច់ខ្លួនរុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប (EU) តែម្នាក់ឯងបានប្រកាសដាក់ទណ្ឌកម្មចំនួនប្រាំបីផ្សេងគ្នា ដោយផ្តោតលើបុគ្គល និងអង្គភាពរុស្ស៊ីរាប់រយនាក់ ប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ឧស្សាហកម្មនាំចេញថាមពលរបស់រុស្ស៊ី ដែលធ្វើឱ្យក្លាយជាប្រទេសដែលមានទណ្ឌកម្មច្រើនបំផុតនៅលើពិភពលោក។
យោងតាមអ្នកជំនាញសេដ្ឋកិច្ច របស់រុស្ស៊ីបានបញ្ជាក់ថា រុស្សុីនៅតែឈរពីលើការដាក់ទណ្ឌកម្ម ដោយសារវិធានការត្រួតពិនិត្យអតិផរណាប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះ ទោះបីជាលោកខាងលិចបានកាត់បន្ថយការនាំចូលថាមពលរបស់ខ្លួនពីប្រទេសរុស្ស៊ីក៏ដោយ ក៏ទីក្រុងមូស្គូនៅតែអាចទទួលបានប្រភពចំណូលដោយសារការកើនឡើងនៃតម្លៃប្រេង និងការណ៍ពិតដែលថាខ្លួនបានបន្ថែមអតិថិជនសំខាន់ៗថ្មីៗនៅក្នុងតំបន់អាស៊ី៕ ដោយធីរីណា
រូបថត : Rianovosti