ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះរៀបចំសណ្ដាប់ធ្នាប់និងចងខ្សែហ៊ុមព័ទ្ធនៅចិញ្ចើមផ្លូវលេខ២៣០ របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ មិនអនុញ្ញាតឲ្យអាជីវករលក់ដូរ ឬរម៉ក ជួលដឹកបន្លែផ្លែឈើចតលើផ្លូវបន្តទៀតឡើយ កាត់បន្ថយការកក់ស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ដើម្បីសោភ័ណភាព សណ្ដាប់ធ្នាប់ តាមដងផ្លូវនៅតំបន់នោះផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក មានបញ្ជាដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះចាត់វិធានការដល់អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ និង រម៉កជួលដឹកបន្លែផ្លែឈើចតលើផ្លូវលេខ២៣០ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្រ្តីសាលាខណ្ឌទួលគោកបានឲ្យដឹងថាចំពោះកំណាត់ផ្លូវលេខ២៣០ ដែលអាជ្ញាធរបានហ៊ុមព័ទ្ធខ្សែ គឺ ពេលថ្ងៃ មិនអនុញ្ញាតឲ្យអាជីវករលក់ដូរឬចតរម៉កដឹកបន្លែផ្លែឈើ នៅលើផ្លូវបន្តទៀតឡើយ។ ដោយឡែកនៅយប់អាជ្ញាធរអនុញ្ញាតឲ្យអាជីវករលក់ដូរបន្លែផ្លែឈើ ជាបណ្ដោះអាសន្នតែធ្វើយ៉ាងណានៅវេលាម៉ោង៦ព្រឹក សម្អាតនិងរើឲ្យស្អាតវិញ រហូតដល់ផ្សារបន្លែនៅលើប្រឡាយបឹងសាឡាងសាងសង់រួច បងប្អូនអាជីវកនឹងផ្លាស់ទៅលក់នៅទីនោះ។ បន្ថែមទៀតនោះកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌក៏នៅប្រចាំការជាប់នៅគោលដៅកំណាត់ផ្លូវនេះផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ក្នុងករណី មានអាជីវក ឬ រម៉ក នៅតែបន្តចត អាជ្ញាធរនិងដកហូតយកទៅសាលាខណ្ឌដើម្បីរក្សាទុក ចាត់ការតាមនីតិវិធី។
គួរំលឹកផងដែរ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងនោះ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បន្តថា បញ្ហាសណ្តាប់សាធារណៈនេះត្រូវតែម៉ឺងម៉ាត់ ដើម្បីបំរើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឱ្យអ្នករកស៊ីមករំខាន ឬរំលោភបំពានយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជានគរបាលចរាចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរណ៍ជាដើម៕ ដោយ៖ រ៉ារ៉ា