ខេត្តកំពង់ស្ពឺ៖ នៅក្នុងឱកាសចុះសួរសុខទុក្ខស្ត្រីរំលូតកូនស្លាប់ក្នុងផ្ទៃនៅឯមន្ទីរពេទ្យកាល់ម៉ែត លោករដ្ឋមន្រី្តក្រសួងសុខាភិបាលសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ករណីស្រី្តរំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨ សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង ភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់យ៉ាងដូច្នេះនាឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងករណីស្រី្តរំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ដែលពេលនេះកំពុងសម្រាក ព្យាបាលនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ, ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត រួមជាមួយក្រុមការងារគ្រូពេទ្យជំនាញ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា ហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃស្ត្រីដែលមាន ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតនៅតាមផ្លូវជាតិលេខ៣ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមៗនោះ ក្រសួងសុខា ភិបាលបានចាត់បញ្ជូន ក្រុមការងារបច្ចេកទេសរបស់
ក្រសួង ដោយរួមសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលកំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរំលូតគភ៌ក្នុងផ្ទៃស្រ្តីខាង លើ។
សាស្រ្តាចារ្យម៉ម ប៊ុនហេង ក្នុងនាមក្រសួងសុខាភិបាល សោកស្តាយជាពន់ពេហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ របស់ស្ត្រីដែលមាន ឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដោយមន្ទីរសម្រាកព្យាបាល នេះ មានការធ្វេសប្រហែសដោយអនុញ្ញាតឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន តែឆ្មបរូបនេះ នៅមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមស្ដីពីការ រំលូតគភ៌នៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេក ទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជា ពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។
បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិត ដោយយកចិត្តទុកដាក់ បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ៕ ដោយ៖ សូរិយា