ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តដែលកំពុងតែបត់ឆ្លងផ្លូវបណ្ដាលឱ្យដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុប
តាំងកសាងជាប់នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រួចម្ចាស់រថយន្តឃើញដូច្នោះក៏ថែមល្បឿនបើករត់ចូលទៅតាមបណ្ដោយផ្លូវ105Kបុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន និងបុកស្លាកសញ្ញាលក់គ្រឿងសំណង់បាក់អស់មួយដើមទៀត ហើយវិលមួយជុំដាច់កង់ គងលើលូទៅមុខលែងរួច ។
ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ទិគ ចិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រក់ក្តារ ឃុំហារហ្លូង ស្រុកពញាឮ ខេត្តកណ្តាល។
តាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា នៅពេលកេីតហេតុ រថយន្តម៉ាកTOYOTA camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេភ្នំពេញ2AF.8597បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃមិនប្រយ័ត្នស្រាប់តែមានម៉ូតូ pcx ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1DH.5282បើក ដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិចបានមកបុកថយន្តចំចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលនិងម្ចាស់រងរបួសធ្ងន់ ដោយឡែកម្ចាស់រថយន្តឃើញដូច្នោះក៏ថែមល្បឿនបើករត់ចូលទៅតាមបណ្ដោយផ្លូវ105Kចូលទៅច្រកចូលវត្តតាំងកសាងយ៉ាងលឿនជ្រុលទៅបុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន និងបុកផ្លាកសញ្ញាលក់គ្រឿងសំណង់បាក់អស់មួយដើមទៀត វិលមួយជុំដាច់កង់ គងលើលូទៅមុខលែងរួច ដោយរងការខូចខាតស្ទេីទាំងស្រុង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានឃាត់ខ្លួនតៃកុងរថយន្តប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វេីការវាស់វែង និងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ