ភ្នំពេញ៖ បេីតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣.២៧៧គ្រឿង ម៉ូតូចំនួន ២.៤៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៥២គ្រឿង មានម៉ូតូចំនួន ២២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១ថ្ងៃនៃខែធ្នូនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ដោយឡែកសម្រាប់ថ្ងៃទី១ ខែធ្នូនេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ១០នាក់(ស្រី១នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៩លើក៕ ដោយ៖ស តារា