ខេត្តរតនគិរី៖ ក្មេងប្រុសពីរនាក់បាននាំគ្នាទៅលេងទឹកទន្លេ ហើយក្នេងម្នាក់បានដើររអិលជើងធ្លាក់ចូលក្នុងទឹកទន្លេ ខណ:ក្មេងនោះមិនចេះហែលទឹកក៏លង់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចកំពង់ទឹកទន្លេសេសាន ស្ថិតក្នុងភូមិកាឡាន់ញ៉ៃ ឃុំវេីនសៃ ស្រុកវើនសៃ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សុង ហុង ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅជាមួយឪពុកម្ដាយក្នុងភូមិ-ឃុំកើតហេតុខាងលើ។បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចាត់កម្លាំងជំនាញចុះទៅដល់កន្លែងកេីតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំវេីនសៃ មានការចូលរួមពីលោកគ្រូពេទ្យមណ្ឌលសុខភាពវរៈជ័យវេីនសៃ ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ដេីម្បីចូលរួមធ្វើកោសល្យវិច័យ ឃើញក្មេងរងគ្រោះមានសភាពទន់ខ្លួននិងសម្លៀក បំពាក់ អាវពណ៌ក្រហមដៃខ្លី ខោពណ៌លឿងជើងខ្លី។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ស្ថានភាពសពឃេីញនៅលេីដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡេីយ ហើយតាមការស្រាវជ្រាវនិងសាកសួរបំភ្លឺពីក្រុមគ្រួសារសពថា មុនពេលកេីតហេតុជនរងគ្រោះបានទៅលេងកំពង់ទឹកមានគ្នា២នាក់ ពេលនោះក៏ស្រាប់តែក្មេងម្នាក់រអិលជេីងធ្លាក់ចូលក្នុងទឹកទន្លេ។
បន្ទាប់ពីធ្វើកោសល្យរួចមកសពជនរងគ្រោះផ្អែកតាមការបញ្ជាក់របស់លោកគ្រូពេទ្យអាចសន្និដ្ឋានបានថា ករណីនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ សូរិយា