ស្វ៊ីសត្រូវការពិន្ទុដើម្បីឡើងទៅវគ្គ១៦ក្រុមជាមួយប្រេស៊ីលក្នុងពូល G

ចែករំលែក៖

ការប្រកួតជុំចុងក្រោយក្នុងពូល G នៅរាត្រីនេះមានការប្រជែងគ្នារវាងក្រុមដែលឈរលេខ២ និងក្រុមដែលឈរលេខ៣ក្នុងពូល។ក្នុងនោះក្រុមជម្រើសជាតិស៊្វីសត្រូវប៉ះក្រុមជម្រើសជាតិស៊ែប៊ី ដើម្បីប្រជែងគ្នាកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍World Cup 2022 នៅតាកា។

ការប្រកួតកន្លងមក ក្រុមស្វ៊ីសបានឈ្នះកាមេរូនក្នុងការប្រកួតបើកឆាកក្នុងពូល ហើយបានបរាជ័យវិញក្រោមថ្វីជើងប្រេស៊ីល១ទល់០ដោយបន្តឈរលេខ២មាន៣ពិន្ទុក្នុង២ប្រកួត (ឈ្នះ១ ចាញ់១) ចំណែកក្រុមស៊ែប៊ីវិញមិនទាន់ឈ្នះម្តងនោះទេ ដោយប្រកួតលើកដំបូងចាញ់ប្រេស៊ីល២ទល់០ និងបន្ទាប់មកស្មើជាមួយកាមេរូន៣ទល់៣ កំពុងឈរលេខ៣មាន១ពិន្ទុ។

 ការជួបគ្នា១ប្រកួតកន្លងមក ក្រុមស្វ៊ីសបានយកឈ្នះស៊ែប៊ីក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតជម្រុះ World Cup កាលពីខែមិថុនាឆ្នាំ២០១៨កន្លងទៅ។ ការប៉ះគ្នាយប់នេះក្រុមស្វ៊ីសចាំបាច់ត្រូវការឈ្នះដើម្បីកក់កៅអីទៅកាន់វគ្គ១៦ក្រុម ប៉ុន្តែសិនជាស្មើគ្នា គេចាំអ៊ុតមើលការប្រកួតរវាងប្រេស៊ីលនឹងកាមេរូនដែរ បើសិនជាកាមេរូនឈ្នះប្រេស៊ីលនោះគឺកាមេរូននឹងឡើង។ ចំណែកស៊ែប៊ីវិញក៏ត្រូវការឈ្នះដែរ ដើម្បីមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុម។

ចំណែកប្រេស៊ីលដែលត្រូវប៉ះកាមេរូននៅរាត្រីនេះដែរគឺមានកៅអីគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គ១៦ក្រុមរួចទៅហើយ ដោយ២ប្រកួតកន្លងមកប្រេស៊ីលឈ្នះទាំង២ប្រកួតមាន៦ពិន្ទុនៅក្នុងដៃ។ ការប្រកួតនេះកាមេរូនត្រូវតែខិតខំ បើទោះបីលទ្ធភាពឈ្នះប្រេស៊ីលមានតិចក៏ដោយក៏ត្រូវតែបង្កើតឱកាសដើម្បីប្រជែងកៅអី១៦ក្រុមក្នុងពូលនេះដែរ។

 ការប៉ះគ្នា៥ដងរវាងប្រេស៊ីលនឹងកាមេរូនគឺប្រេស៊ីលឈ្នះ៤ដង រីឯកាមេរូនឈ្នះតែម្តងគត់។ ប្រកួតលើកចុងក្រោយប្រេស៊ីលបានយកឈ្នះ១ទល់០ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។

 សម្រាប់លទ្ធផល បើសិនជាក្រុមប្រេស៊ីលនៅរក្សាលេខ១ក្នុងពូល G នឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល H ខណៈដែលក្រុមលេខ២ក្នុងពូល G នឹងត្រូវប៉ះលេខ១ក្នុងពូល H វិញនៅវគ្គ១៦ក្រុមចុងក្រោយ (រូបភាព soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print