អន្តរជាតិ៖ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បន្ទាប់ពីបានពិភាក្សាជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំងរួចមកលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា៖ លោកពុំមានផែនការភ្លាមៗដើម្បីទាក់ទងលោក វ្ល៉ាឌីមៀរ ពូទីន នោះទេ ប៉ុន្តែលោកបានត្រៀមលក្ខណៈដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី ប្រសិនបើលោកពូទីនបង្ហាញចំណាប់អារម្មណ៍ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងមានការពិភាក្សាជាមួយសម្ព័ន្ធណាតូ។
លោក ចូ បៃឌិន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖” លោកត្រៀមខ្លួនដើម្បីពិភាក្សាជាមួយលោក ពូទីន ប្រសិនបើការណ៍ពិត លោកចាប់អារម្មណ៍ថា លោកសម្រេចចិត្តស្វែងរកវិធីដើម្បីបញ្ចប់សង្គ្រាម”។
សូមជម្រាបជូនថា លោក ចូ បៃឌិន និងលោក ម៉ាក្រុង ក្នុងកិច្ចប្រជុំពិភាក្សាគ្នានោះ មេដឹកនាំទាំងពីរបានសន្យាសាមគ្គីភាពជាមួយអ៊ុយក្រែនប្រឆាំងសង្គ្រាមរបស់រុស្ស៊ី ហើយប្តេជ្ញាថានឹងធ្វើការរួមគ្នាដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ចដែលជម្លោះបាននាំមក។ លោក Biden បានដាក់ទំនួលខុសត្រូវលើការបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមដោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ដោយផ្តោតត្រង់ៗលើលោក Putin។ មានវិធីមួយសម្រាប់បញ្ចប់សង្គ្រាមនេះគឺជាវិធីសមហេតុផល ដែលលោក Putin អាចដកកងទ័ពចេញពីអ៊ុយក្រែន ប៉ុន្តែវាទំនងជាលោកនឹងពុំធ្វើដូច្នេះនោះទេ។
លោក ម៉ាក្រុង ថ្លែងថា ប្រទេសទាំងពីរមានទំនួលខុសត្រូវរួមគ្នា ដើម្បីការពារលទ្ធិប្រជាធិបតេយ្យសម្រាប់ភាគីទាំងសងខាង ហើយប្រឈមមុខនឹងផលវិបាកដោយផ្ទាល់ និងដោយប្រយោលនៃសង្គ្រាមនៅអ៊ុយក្រែនជាមួយគ្នា។ ខណៈដែលមេដឹកនាំទាំងពីរបានជួបគ្នា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានបាត់បង់ទាហានចន្លោះពី ១០,០០០ទៅ ១៣,០០០នាក់នៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះ។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង Kherson ទាហានអ៊ុយក្រែនបានដើរល្បាតនៅជិតប្លុកលំនៅឋានដែលរងការខូចខាតធ្ងន់ធ្ងរដោយការបាញ់ផ្លោងរបស់រុស្ស៊ី ខណៈដែលពលរដ្ឋបានបញ្ចេញកំហឹងរបស់ពួកគេផងដែរ៕ដោយ៖សហការី
រូបថត : AP