ភ្នំពេញ : សហព័ន្ធស្រូវអង្ករកម្ពុជា មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា កាល ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាបានឈ្នះក្ដីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការ អឺរ៉ុបបានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិ អនុវត្តលេខ2019/76ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។ សំណុំរឿងនេះ ត្រូវបានប្ដឹងកាលពី · ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំ ដោយ លោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌សម្រាប់ការនាំចេញ អង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែងដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។
សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុប បញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធាន ការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោល នយោបាយអភិវឌ្ឍន៍ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែមអំពីសាលក្រមតុលាការ សូមស្វែងរកនៅលើគេហទំព័រ https:/curia.europa.eu ផ្លូវការរបស់តុលាការនៃសហភាពអ៊ឺរ៉ុប ៕
ដោយ : សហការី