អភិបាលរាជធានីភ្នំពេញ បានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមាន ខ្លឹមសារចំនួន ៦ ចំណុច ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖​ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ អភិបាលរាជធានីភ្នំពេញ បានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមាន ខ្លឹមសារចំនួន ៦ ចំណុច ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាត្រីថ្ងៃទី០២ ធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ដោយបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនៃបណ្តារាជធានី-រដ្ឋធានីទាំង ១០ នៃប្រទេសជាសមាជិកអាស៊ាន ដោយបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនៃបណ្តារាជធានី-រដ្ឋធានីទាំង ១០ នៃប្រទេសជាសមាជិកអាស៊ាន ពោលគឺ មជ្ឈភាពរាជធានី-រដ្ឋធានីអាស៊ាន គឺជាកម្លាំងចលករដ៏ចម្បង ដើម្បីឈានទៅ សម្រេចបានកំណើន និងវិបុលភាពរួមនៃប្រទេសក្នុងតំបន់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់និងមានចីរភាព» បានបញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះការចូលរួមយ៉ាងសកម្ម ប្រកប ដោយការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនារបស់ឯកឧត្តម-លោកជំទាវ អភិបាល-អភិបាលរងរាជធានី-រដ្ឋធានីទាំងអស់ នៃប្រទេសជាសមាជិកអាស៊ាន។
លោកបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនទាន តាមរយៈបទបង្ហាញរបស់តំណាងរាជធានី- រដ្ឋធានីអាស៊ាន និងការចូលរួមមតិយោបល់ពិភាក្សា បានគូសបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងទាំងអស់គ្នា ក្នុងការរួមដំណើរឆ្ពោះទៅ សម្រេចការកសាងសហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតល្មួតលើគ្រប់វិស័យ មិនថានៅកម្រិតថ្នាក់ជាតិ ឬ កម្រិតថ្នាក់ក្រោមជាតិ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃ បណ្តារាជធានី-រដ្ឋធានីអាស៊ាន តាមរយៈការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ពោលគឺសមស្របទៅនឹងមូលបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលទើប កន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។
លោកបានបន្តថា៖ ទោះបីស្ថិតក្នុង ស្ថានភាពណាក៏ដោយ ប្រសិនបើ រក្សាបានស្មារតីសាមគ្គីភាព ឯកភាព និងកិច្ច សហប្រតិបត្តិការល្អ នោះយើងក៏អាចរួមគ្នាដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា សម្រាប់គ្រួសាររាជធានី-រដ្ឋធានីអាស៊ានយើង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោកបានបន្តថា រាជធានីភ្នំពេញមានជំនឿជឿជាក់យ៉ាងមុតមាំថា រដ្ឋ ធានីហ្សាការតា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវទទួលតំណែងជាម្ចាស់ផ្ទះរៀបចំ *កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២៣” ខាងមុខនេះ នឹងបន្តដឹកនាំ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជាសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ដូចអ្វីដែលយើងកំពុងខិតខំរួមគ្នាសម្រេចបានក្នុងថ្ងៃនេះ។
សូមបញ្ជាក់ថា សេចក្ដីប្រកាស ដែលមាន ខ្លឹមសារទំាង ៦ ចំណុចនេះ រួមមាន
១- ពង្រឹងការប្ដេជ្ញាចិត្ត ក្នុងការសម្រេចបានសហគមន៍ឆ្លាត មានភាពធន់ និងមានចីរភាព ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងទំនួលខុសត្រូវ សង្គម។ ២- លើកកម្ពស់ភាពជាដៃគូរវាងទីក្រុងនិងទីក្រុង ភាពជាដៃគូសាធារណៈ និងឯកជនក្នុងចំណោមទី ក្រុងអាស៊ាន អ្នកផ្តល់សេវា ដៃគូមូលនិធិ និងដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធបន្ថែមទៀត។ ៣- លើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋរបស់រាជធានី និងរដ្ឋធានីអាស៊ាននីមួយៗ ដោយបំពាក់ ជំនាញ និងអក្ខរកម្មបច្ចេកវិទ្យា និងឌីជីថល ជំរុញការចាប់ផ្ដើមអាជីវកម្ម បៃតង និងបណ្តុះភាពជាម្ចាស់សហគមន៍។ ៤- ធ្វើការឆ្ពោះទៅរកការបង្កើនគោលន យោបាយ និងទីក្រុងដែលស័ក្តិសមនឹងមនុស្សចាស់ ជាមួយ នឹងបរិស្ថាន និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្នសម្រាប់ពលរដ្ឋវ័យចំណាស់ ផ្អែកលើសង្គម នៅក្នុងរាជធានី និងរដ្ឋធានីអាស៊ាន។ ៥- ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខ
ទីក្រុង ដូចជាសុវត្ថិភាពទឹក អាហារ និងថាមពល ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ការតភ្ជាប់ការដឹកជញ្ជូននិងភស្តុភារ ផែនការនិការគ្រប់គ្រងការផ្លាស់ទីលំនៅថ្មីរបស់ពលរដ្ឋ ក្នុងចំណោមបញ្ហាផ្សេង ៗទៀត។ និង៦- បន្តប្តេជ្ញាលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងចំណោម រាជធានី និងរដ្ឋធានីអាស៊ាន ដើម្បីសម្រេចបានទីក្រុងឆ្លាត មានភាពធន់ និងមានជីវភាព របស់អាស៊ាន សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ននិងអនាគត តាមរយៈការកសាងមូលដ្ឋានគ្រឹះដែលបានដាក់ ចេញ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print