ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា ការវាយប្រហារដ៏ជាក់លាក់របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន គឺជាការឆ្លើយតបចាំបាច់ចំពោះការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី រួមទាំងការទម្លាក់គ្រាប់បែកលើស្ពាន Crimea ផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន គឺជា«រឿងចៀសមិនរួច» ខណៈដែលវិមានក្រឹមឡាំងច្រានចោលលក្ខខណ្ឌចរចារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយព្រមានថាការវាយប្រហារនឹងបន្តធ្វើឡើង។
ក្រោយបរាជ័យជាបន្តបន្ទាប់ក្នុងតំបន់ខាកៀវ និងខឺសុន រុស្ស៉ីបានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនតាំងតែពីខែតុលាមកម្ល៉េះ ដោយបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងជាលើកដំបូងចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក លោក ពូទីន បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលលោកផ្ទាល់ហៅថា «ជាគោលនយោបាយបំផ្លិចបំផ្លាញរបស់លោកខាងលិច» នៅក្នុងប្រទេសអ៊ុយក្រែន ហើយថាការវាយប្រហាររបស់រុស្ស៉ីជាការឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពីទីក្រុងកៀវ។
លោក ពូទីន បានបញ្ជាក់បន្ថែមដូច្នេះថា «ទីក្រុងមូស្គូបានអត់ធ្មត់ជាយូរមកហើយ ពីការប្រើប្រាស់មីស៊ីលកំណត់គោលដៅជាក់លាក់ វាយប្រហារលើគោលដៅមួយចំនួននៅលើទឹកដីអ៊ុយក្រែន…ក៏ប៉ុន្តែ បច្ចុប្បន្ន វិធានការបែបនេះត្រូវបានបង្ខំឱ្យធ្វើ និងជារឿងចៀសមិនរួច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពីសំណាក់ទីក្រុងកៀវលើហេដ្ឋរចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៉ី»។ បើតាមវិមានក្រឹមឡាំង លោក ពូទីន ចង់សំដៅទៅលើការវាយប្រហារលើស្ពានមួយនៅក្នុងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូចោទថាជាស្នាដៃរបស់អ៊ុយក្រែន។
នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទខាងលើ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានជំរុញឱ្យលោក ពូទីន ត្រឡប់មករកដំណោះស្រាយការទូតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងនោះរួមទាំងការដកកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនផងដែរ។ ប៉ុន្តែសំណើនេះដែលដូចគ្នាទៅនឹងសំណើរបស់លោក ចូ បៃដិន ដែរនោះត្រូវបានលោក ពូទីន ច្រានចោល និងបានស្នើឱ្យមានការទទួលស្គាល់តំបន់អ៊ុយក្រែនដែល
រុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនជាមុនសិន មុននឹងចង់និយាយរឿងចរចា៕ ដោយធីរីណា
រូបថត :RT