ខេត្តត្បូងឃ្មុំ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ អដ្ឋិធាតុ វីរយុទ្ធជន ៤៩ រូប ដែលបានពលីជីវិត ក្នុងទឹកដីវៀតណាម ត្រូវបានធ្វើមាតុភូមិនិវត្តន៍ ដោយមានការប្រារព្ធពិធីឈាបនកិច្ចបែបសាសនា និងកងទ័ពជូនជាកិត្តិយស ដែលបានប្រព្រឹត្តទៅនៅតំបន់ X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ហ៊ុនម៉ានី បានលើកឡើងថា, វីរយុទ្ធជនទាំងនោះគឺជាអតីតកងទ័ពដែលបានចូលរួមចលនាតស៊ូរំដោះប្រទេសជាតិក្នុងអំឡុងឆ្នាំ១៩៧៨ ដែលជាផ្នែកមួយនៃដំណើរឆ្ពោះទៅបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។
លោកបានថ្លែងថា, ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំសូមគោរពវិញ្ញាណក្ខ័ន្ធនៃវីរយុទ្ធជនទាំងអស់ប្រកបដោយមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។ ការលះបង់សាច់ស្រស់ ឈាមស្រស់របស់អស់លោកទាំងឡាយ បានតបស្នងមកវិញនូវជ័យជម្នះលើរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ឈានដល់ការសង្រ្គោះអាយុជីវិតជាតិ និងប្រជាជនចេញពីជ្រោះមរណៈ និងវាលពិឃាត។ ក្នុងទិវាដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត ខ្ញុំក៏សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រមនេះក្រុមគ្រួសារនៃសព ដែលបានទន្ទឹងរង់ចាំអដ្ឋិធាតុរបស់បុព្វការីជនរបស់ខ្លួនរហូតមកទល់ថ្ងៃនេះ។
លោក ហ៊ុនម៉ានី បានថ្លែងបន្តថា, ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំពិធីទទួលនិវត្តន៍ និងពិធីឈាបនកិច្ចជូនអដ្ឋិធាតុ វីរយុទ្ធជនទាំង៤៩ ប្រកបដោយភាពអធិកអធម ជាកិច្ចតបស្នងចំពោះមហាពលិកម្មរបស់អស់លោកទាំងឡាយនេះ។ និងក៏សូមថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមដែលបានជួយខ្នះខ្នែងដល់ការស្វែងរក និងសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុផងដែរ។
យើងមិនត្រូវភ្លេច និងមិនត្រូវបំភ្លេចអ្វីដែលជាសោកនាដកម្មដ៏ជូរចត់ដែលប្រទេសជាតិបានឆ្លងកាត់នោះឡើយ!! ៕
ដោយ : សិលា