ជនបរទេសម្នាក់បើករថយន្តបុកឡំប្រឺតាពីក្រោយពេញទំហឹង​បណ្ដាលឱ្យក្រឡាប់​ រងរបួសធ្ងន់មនុស្សប្រុសស្រីពីរនាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជាជនជាតិចិនម្នាក់​ និងអ្នករួមដំណើរម្នាក់ទៀតបានបើករថយន្តយ៉ាងលឿន​ជ្រុលទៅបុក​ឡំប្រឺតាមួយគ្រឿងបណ្ដាលឱ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ​ និងធ្វេីឱ្យបុរសម្នាក់និងស្រ្តីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខការាសសាំងតូតាល់​ ជិតផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញឡំប្រឺតា​មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GV.2902 បើកដោយបុរសម្នាក់និងស្ត្រីម្នាក់រួមដំណើរជាមួយ បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីពីលិចទៅកើត​ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើពេលកំពុងតែបើកសុខៗក៏ស្រាប់តែមានរថយន្តម៉ាក​ Tacoma ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ2BE.5826បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតជាជនជាតិចិន បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ពីលិចទៅកើតស្របគ្នាយ៉ាងលឿនមកបុកឡំប្រឺតាពីក្រោយយ៉ាងពេញទំហឹង​ បណ្ដាលឱ្យក្រឡាប់ឡំប្រឺតាគាបជាប់ស្រ្តីដែលជិះខាងក្រោយ​ និងខ្ទាតអ្នកបើកចេញពីឡំប្រឺតា​បោកក្បាលនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់​ ។ ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាជួយលើកឡំប្រឺតា​និងគាស់យកស្រ្តីអ្នកដំណើរចេញមកក្រៅ​ រួចទាក់ទងរថយន្តសាមុយមកដឹកយកទៅសង្គ្រោះអាយុជីវិត ដោយឡំប្រឺតានិងរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ។
​      ក្រោយកេីតហេតុភ្លាមៗអ្នកបើករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី​ ។ ដោយឡែករថយន្តបង្កនិងឡំប្រឺតា​ ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីដោះស្រាយគ្នានៅពេលក្រោយ​ ៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print