ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្តើមហើយក្នុងសភាពស្ងៀមស្ងាត់

ចែករំលែក៖

ភ្នំពេញ៖ បេក្ខជនទាំងអស់បាន ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្ត ដោយ​មានកា​រ​ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈ មេប្រយោគ អាជ្ញាធរ​មាន​សមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរ​ការ​សំណេរ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។

អញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលវិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កាលឆ្នាំទី១ នៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ពោលគឺនៅឆ្នាំ២០១៤ ឃើញមានករណីបេក្ខជនប្រឡងជំនួស២-៣នាក់ និងអាចមានករណីសិស្សចម្លងគ្នា។ ប៉ុន្តែចាប់ពីឆ្នាំទី២ ទី៣មក សិស្សបានរត់តាមរបត់អនុវត្តតាមវិន័យបាន។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្តទៀតថា៖ “ក្នុងរយៈពេល ៥,៦ឆ្នាំចុងក្រោយនេះ គឺមិនមានបាតុភាពអ្វីពាក់ព័ន្ធជាមួយការយកសំណៅឯកសារចូលទេ។ បើយើងពិនិត្យមើលឆ្នាំទី១ តាមមណ្ឌលនីមួយៗ គឺអនុរក្សត្រូវយកសំណៅឯកសារដែលសិស្សយកចូលទាំងការ៉ុងៗ ទាំងបាវៗ តែពេលនេះ យើងឃើញហើយ គឺអត់មានទេ ពេលឆែកក៏អត់មានដែរ។ មានន័យថា សិស្សគោរពបានល្អ”។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បាន​អញ្ជើញផ្ត​ល់​កិត្តិយស​បើក​ហឹប​វិញ្ញាសា​នៅ​តាម​បន្ទប់​ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ នៅតាមមណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ ស៊ីសុវត្ថិ​ត្រួត​ពិនិត្យ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មាន​បិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

គួរបញ្ជាក់ថា បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានសុខភាព និង​សុវត្ថិភាព​ សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវរក្សាគម្លាតសុវត្ថិភាព និង​ពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវ ជាប្រចាំនៅក្នុងមណ្ឌលប្រឡង។ ក្រសួងអប់រំ យុវជន និង​កីឡា​សូម​អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស​មិន​ត្រូវ​លាក់​ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូល ក្នុងមណ្ឌលប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និង​កម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

...

ចំពោះ​ដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print