ចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ក្នុងខែធ្នូ ជាព្រឹត្តិការណ៍រំលឹកគុណអង្គររយៈពេល៣ថ្ងៃ

ចែករំលែក៖

ខេត្តសៀមរាប ៖ តាមការគ្រោងទុកពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ នេះជាលើកឡើងពី លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបន្តថា, ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកស្រី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។

លោក ឡុង កុសល បានឱ្យដឹងទៀតថា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ។

សូមជម្រាបដែរថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា, យោងតាមសេចក្តីជូនដំណឹងលេខ៤៨៦ សជណ.អវ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេលបី(៣)ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។ ក្នុងន័យដើម្បីឱ្យពិធី បុណ្យខាងលើ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមណែនាំអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖

១- រៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះរួមមានកម្មវិធីតាមថ្ងៃនីមួយៗ ទីតាំង ប្រារឰពិធី សមាសភាពចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំ និងលទ្ធភាព ថវិកាជាដើម។ល។

២- រៀបចំសេចក្តីជូនដំណឹង និងការសម្ភាសន៍ឥស្សរជន អ្នកជំនាញការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ ពាក់ព័ន្ធ វិស័យឯកជន និងសាធារណជន តាមការចាំបាច់ រំលេចបង្ហាញអំពីសារសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍នៃការរៀបចំពិធីបុណ្យ ដើម្បីផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ជូនសាធារណ ជនជ្រាប ជាពិសេសយុវវ័យឱ្យកាន់តែមានស្មារតីមុតមាំថែមទៀតក្នុងការចូលរួមថែរក្សា ការពារ លើកតម្លៃបេតិកភណ្ឌជាតិ និងចូលរួមឱ្យបានកុះករ។

៣- រៀបចំដាក់តាំងបង្ហាញនូវសមិទ្ធផលសម្រេចបាននានារបស់ខ្លួន និងជាពិសេសសមិទ្ធផលសម្រេច បានជាមួយដៃគូជាតិ និងអន្តរជាតិ នៅតាមទីតាំងសំខាន់ៗនានា ដើម្បីរំលេចឱ្យឃើញនូវការចូល រួមចំណែកដ៏មានតម្លៃ ក្នុងកិច្ចថែរក្សា ការពារ និងអភិរក្សឱ្យបានគង់វង្សនៃបេតិកភណ្ឌជាតិ។
៤- ទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាននានា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង/ស្ថាប័ន អាជ្ញាធរ/
អង្គភាពរដ្ឋ និងឯកជនពាក់ព័ន្ធ ស្នើសុំកិច្ចសហការដើម្បីភាពជោគជ័យនៃពិធី ក៏ដូចជាកៀរគរ ប្រមែប្រមូលនូវធនធានបន្ថែមសម្រាប់ការរៀបចំពិធីឱ្យកាន់តែសំបូរបែប និងអធិកអធម។

ទទួលបានសារាចរនេះ គ្រប់អគ្គនាយកដ្ឋាន អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិនានា នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print