(ខេត្តព្រះសីហនុ)៖ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិខេត្តព្រះសីហនុក្នុងរយៈពេល ១ថ្ងៃដំបូងនេះមានសភាពល្អប្រសើរ។ បេក្ខជនប្រឡងក្នុងខេត្តព្រះ សីហនុ បានអវត្តមានចំនួន១៩នាក់ ក្នុង ចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួនជាង១.៧០០នាក់។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្ដព្រះសីហនុ បានឱ្យដឹងថា ស្ថានភាពមណ្ឌលប្រឡង និងបេក្ខជន ពុំមានបញ្ហាអ្វីទេនៅក្នុងមណ្ឌលប្រឡងទាំង០៥ ដែលមាន៧១បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យា សាស្ត្រមាន២មណ្ឌល ស្មើ២១បន្ទប់និងថ្នាក់សង្គម ៣ មណ្ឌលស្មើ៥០បន្ទប់។ ចំនួនបេក្ខជនមានឈ្មោះប្រឡង ១៧១៤ (ស្រី៩១០) ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមានបេក្ខ ជន៤៨៥នាក់ (ស្រី២៩១) និងថ្នាក់វិទ្យាសាស្រ្តសង្គមមានបេក្ខជន១.២២៩នាក់(ស្រី៦១៩) ក្នុងចំណោម បេក្ខជនទាំងអស់ ១.៧១៤ នាក់ មានបេក្ខជនអវត្តមាន (មិនមកប្រឡង) ចំនួន ១៩នាក់ (ស្រី០៨) ដែលជាសិស្សស្វ័យរិន និងបំពេញ វិជ្ជា ១៥នាក់ (ស្រី៥) និងសិស្សចំណេះទូទៅ ០៥នាក់ (ស្រី៣) ។
ក្នុងរយៈពេលមួយថ្ងៃនេះការសង្កេតជាទូទៅការប្រឡងមានដំណើរការដោយរលូនបើទោះបីជាអវត្តមានបេក្ខជនប្រឡងច្រើនបន្តិចក៏ដោយ។ យ៉ាងណាក៏ដោយគេមិនដឹងអំពីមូលហេតុដែលនាំឲ្យសិស្សអវត្តមានច្រើននៅក្នុងពេលប្រឡងនោះទេ។ ប៉ុន្តែបើប្រៀបធៀបទៅខេត្តផ្សេងទៀតពោលគឺតួលេខនៃបេក្ខជនមិនបានមកចូលរួមប្រលងមិនច្រើនពេកទេ។
លោកស្រីប្រធានមន្ទីរអប់រំបានបញ្ជាក់ថា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកវិស័យអប់រំ បានឧបត្ថម្ភគាំទ្រដល់ដំណើរការប្រឡង សម្រាប់មណ្ឌលប្រឡងទាំងប្រាំ ក្នុងខេត្តព្រះសីហនុ មានដូចជា ម៉ាស់ ចំនួន៦កេះធំ ទឹកបរិសុទ្ធសម្រាប់បេក្ខជន និងគណៈកម្មការទាំងអស់។ ឧបត្ថម្ភកន្លែងផ្ញើកង់ម៉ូតូមិនគិតប្រាក់ ទាំងប្រាំមណ្ឌល ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារបីពេលជូនចំពោះបេក្ខជនមកពីឆ្ងាយ ៤២៩នាក់ និងជំនួយការអប្បមាទ អ្នកអង្កេតការណ៍ និងយុវជនស្ម័គ្រចិត្តជួយផ្នែកខាងក្រៅ កងកម្លាំង និងក្រុមគ្រូពេទ្យ ៕