ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់ខុសច្បាប់ចំនួន៣នាក់ នៅស្រុកបាណន់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដេីម្បីសាកសួរចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លើការងារបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ លោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កាលពីវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី០៥ ខែធ្នូម្សិលមិញនេះ បានធ្វើការបង្ក្រាបនៅចំណុចភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបាននាំខ្លួនមនុស្ស ០៣នាក់ ១.ឈ្មោះ រ៉ើន សុធាភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ២.ឈ្មោះ សឿន ម៉ឹប ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និង៣.ឈ្មោះ ផាន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ៖ មាន់ឈ្មោលចំនួន ០១ក្បាល, កៅស៊ូហ៊ុំធ្វើសង្វៀនប្រជល់មាន់ ០១, ចង្ក្រានហ្គាស ០១, ឆ្នាំងសំរាប់ដាំទឹកស្អំមាន់ ០១, ធុងជ័រចំនួន ០១, ម៉ូតូចំនួន ១០គ្រឿង, ទូរស័ព្ទដៃចំនួន ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ នគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖អារុណរះ