លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ នាំយក​គ្រឿង​អេឡិចត្រូនិក​(ថេប្លេត) ចំនួន ៨០គ្រឿង និងសម្ភារៈសិក្សា ជូនសិស្សានុសិស្សសាលាបឋមសិក្សានៅស្រុកបាធាយ និងស្រុកព្រៃឈរ

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ គ្រឿង​អេឡិចត្រូនិក​(ថេប្លេត)ចំនួន ៨០គ្រឿង និងជាសម្ភារៈសិក្សាមួយចំនួន រួមមាន៖សៀវភៅសរសេរ, ប៉ិច, ខ្មៅដៃ, ជ័រលុប និងប្រដាប់ឃួងខ្មៅដៃ ត្រូវបាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម នាំយកទៅចែកជូនសិស្សានុសិស្សសាលាបឋមសិក្សានៅស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមកម្មវិធីសាមសុងក្តីស្រឡាញ់ និងការមើលថែ (Samsung Love & Care) របស់ក្រុមហ៊ុនសាមសុង នៃសាធារណៈរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះ។

ពិធីនេះ បានរៀបចំឡើងនៅក្នុងបរិវេណវិទ្យាស្ថានអន្តរជាតិបាធាយ នៃស្រុកបាធាយ ខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងពាណិជ្ជកម្ម, លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ, លោក ស្យុង គឿន លី ( HYUNG GEUN LEE ) នាយកគ្រប់គ្រង សាខាក្រុមហ៊ុនសាមសុងថៃ ប្រចាំនៅកម្ពុជា, លោក ឡូញ សារ៉ូ អភិបាលរង នៃគណៈអភិបាលស្រុកបាធាយ, លោក គឹម បូរ៉ាឌី អភិបាលស្តីទី នៃគណៈអភិបាលស្រុកព្រៃឈរ, លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសាមសុងដែលបានផ្តួចផ្តើមបង្កើតកម្មវិធី សាមសុងក្តីស្រឡាញ់ និងការមើលថែនេះឡើង ដោយបានផ្តល់ជាសម្ភារៈសិក្សាមួយចំនួនដល់ក្មួយៗសិស្សានុសិស្ស រួមមាន សៀវភៅសរសេរ, ប៉ិច, ខ្មៅដៃ, ជ័រលុប និងប្រដាប់ឃួងខ្មៅដៃជាដើម ដើម្បីជួយលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សសាលាបឋមសិក្សាក្នុងស្រុកបាធាយ និងស្រុកព្រៃឈរផង និងផ្តល់ជា Samsung Tablets ដែលជាឧបករណ៍អេឡិកត្រូនិកដ៏ទាន់សម័យបំផុត ជូនដល់សាលាមួយចំនួនតម្កល់ទុកនៅក្នុងការិយាល័យសិក្សា ដើម្បីលោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងការស្តាប់សំឡេង និងអានភាសាបរទេស បានល្អត្រឹមត្រូវតាមសំឡេងដើម ក្នុងម៉ោងសិក្សាភាសាបរទេស។

លោករដ្ឋមន្រ្តី បន្តថា ក្រុមហ៊ុនសាមសុង បានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកូរ៉េ ក្នុងការចូលរួមក្នុងសកម្មភាពសង្គមមានដូចជា៖ ការគាំទ្រដល់ការសិក្សារបស់កុមារក្រីក្រ ផ្តល់នូវប្រព័ន្ធចម្រោះទឹកស្អាតរយៈពេលវែងដល់សាលារៀននៅតាមជនបទ គាំទ្រដល់កីឡាតៃក្វាន់ដូ និងសកម្មភាពសិល្បៈរបស់និស្សិតក្រីក្រកម្ពុជា និងជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនសាមសុង បានផ្តល់ជំនួយឥតសំណងដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការបង្កើតបន្ទប់នវានុវត្តន៍ ដោយបានរៀបចំដំឡើងឧបករណ៍សិក្សាសម្រាប់និស្សិតកម្ពុជា ដែលមានបំណងចង់សិក្សាលើមុខវិជ្ជាទូរគមនាគមន៍ និងព័ត៌មានវិទ្យា ICT ដើម្បីដើរឱ្យស្របតាមការរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។

លោករដ្ឋមន្រ្តី បញ្ជាក់ថា សិស្សបឋមសិក្សាថ្នាក់ទី៣ មកពីសាលាចំនួន៣២ មកពីស្រុកបាធាយ និងស្រុកព្រៃឈរ ដែលមានសិស្សសរុបចំនួន ១,២០០នាក់ នឹងបានទទួលនូវសម្ភារៈសិក្សាមួយកញ្ចប់ម្នាក់ ដែលក្នុងមួយកញ្ចប់មាន សៀវភៅសរសេរ ៥ក្បាល, ប៉ិច៥ដើម, ខ្មៅដៃ៥ដើម, ជ័រលុប១ និងប្រដាប់ឃួងខ្មៅដៃ១។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសាមសុង ក៏បានផ្តល់សាមសុងថេប្លេត (Samsung Tablets) ចំនួន ៨០គ្រឿង ដល់សាលាចំនួន ៤០សាលា ដោយក្នុងមួយសាលាត្រូវទទួលបាន ថេប្លេតចំនួន ២គ្រឿង សម្រាប់លោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងម៉ោងភាសាបរទេស។ ឯកឧត្តមបន្ថែមថា ការចែកជូននៅពេលនេះ វាមិនបានគ្រប់គ្នាទាំងអស់នោះទេ ប៉ុន្តែវាជាសក្ខីភាពបង្ហាញពីសណ្តានចិត្តដ៏ប្រសើរថ្លៃថ្លា ក្នុងការជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស និងផ្តល់លទ្ធភាពដល់ លោកគ្រូ អ្នកគ្រូ បានសាបព្រោះចំណេះដឹងដល់សិស្សរបស់ខ្លួនលើការស្តាប់សូរ្យសំឡេងនៃការអានឱ្យបានត្រូវតាមសំឡេងដើម។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានស្នើដល់ លោកគ្រូ អ្នកគ្រូ ដែលជាអ្នកនៅផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្ស ត្រូវជួយដាស់តឿនក្រើនរំឭកឱ្យក្មួយៗឱ្យខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូអប់រំណែនាំ ស្តាប់បង្គាប់ឪពុកម្តាយ និងអ្នកអាណាព្យបាល និងជំរុញឱ្យអនុវត្តឱ្យបានខ្ជាប់នូវវិធានការសុខាភិបាល ការពារសុខភាពជាប្រចាំ ផងដែរ។

ជាមួយគ្នានេះ លោក ស្យុង គឿន លី (HYUNG GEUN LEE) នាយកគ្រប់គ្រង សាខាក្រុមហ៊ុនសាមសុងថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា សម្រាប់ក្រុមហ៊ុនសាមសុងកម្ពុជា មានទសន្សនៈថា កុមារគឺជាធតុផ្សំដ៏សំខាន់សម្រាប់ភាពរឹងមាំនៃប្រជាជាតិមួយ និងជាធនធានជំនាន់ក្រោយដ៏ប្រសើដែលនឹងបន្តការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរុងរឿងក្នុងពេលអនាគត។ ហេតុនេះហើយ ទើបក្រុមហ៊ុនសាមសុង និងក្រសួងពាណិជ្ជកម្មបានរួមគ្នាខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា ដោយផ្តោតសំខាន់ក្នុងការផ្ដល់ឱ្យកុមារកម្ពុជាបង្កើននូវចំណេះដឹងក្នុងការប្រើប្រាស់ភាសារអង់គ្លេសតាមរយៈសម្ភារៈសិក្សាទាំងនេះ ដើម្បីជាជំនួយក្នុងការនិយាយ និងការយល់ដឹងភាសាអង់គ្លេសឱ្យបានត្រឹមត្រូវ។

លោកនាយក បានបន្តថា ក្រោមយុទ្ធនាការ “Samsung Love & Care” នេះក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យទីក្រុងប៊ូសានរបស់ប្រទេសកូរ៉េ ដើម្បីក្លាយជាទីតាំងមួយសម្រាប់ការរៀបចំពិព័រណ៍ពិភពលោក World Expo 2030 ផងដែរ។

...

សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ កាលពីក្នុងអំឡុងខែតុលា ឆ្នាំ១៩៩៧ កន្លងទៅ និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រហូតដល់ខែធ្នូ ឆ្នាំ២០១៦ សាធារណរដ្ឋកូរ៉េ បានបើកស្ថានកុងស៊ុលរបស់ខ្លួននៅខេត្តសៀមរាប ដើម្បីទទួលបន្ទុកខេត្តចំនួន ៥ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយនៅឆ្នាំ២០១៧ កន្លងទៅ ប្រទេសយើងទាំងពីរ បានរៀបចំពិធីអបអរសាទរ គម្រប់ខួប ២០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ ដោយបានផ្លាស់ប្តូរការសម្តែងសិល្បៈរវាងប្រទេសទាំងពីរ ជាពិសេសសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលទើបតែចូលជាធរមាន នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print