សភាជាតិរបស់ប្រទេសប៉េរូបានបណ្តេញប្រធានាធិបតី Pedro Castillo បន្ទាប់ពីលោកបានប្រកាសថាលោកកំពុងស្វែងរកការរំលាយសភាដើម្បីរៀបចំការបោះឆ្នោតសភាថ្មី។ សភាជាតិរបស់ប្រទេសប៉េរូកាលពីថ្ងៃទី៧ ខែធ្នូបានអនុម័តការសម្រេចចិត្តដកប្រធានាធិបតី Pedro Castilloចេញពីតំណែង ដោយមានសំឡេងគាំទ្រ១០១សំឡេង និងប្រឆាំង៦សំឡេងប៉ុណ្ណោះ ហើយ ១០សំឡេងទៀតអនុបវាទ។
ភាពចលាចលបានចាប់ផ្តើមនៅពេលដែលលោក Castillo បានប្រកាសពីផែនការរបស់គាត់ក្នុងការរំលាយសភា និងបង្កើតរដ្ឋាភិបាលបន្ទាន់មួយ។ លោកក៏បានអំពាវនាវឱ្យមានការបោះឆ្នោតសភាដើម្បីកសាងរដ្ឋធម្មនុញ្ញថ្មី។
ការផ្លាស់ប្តូរនេះបានធ្វើឱ្យសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនលាលែងពីតំណែង។ មន្ត្រីកំពូលបានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃ ហើយមានការថ្កោលទោសពីប្រទេសជិតខាងក្នុងតំបន់។
យោធារបស់ប្រទេសប៉េរូបានច្រានចោលការប៉ុនប៉ងរបស់លោក Castillo ដើម្បីរំលាយសភា ដោយហៅថាជាការរំលោភរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីការបោះឆ្នោតទម្លាក់ប្រធានាធិបតី សភាប៉េរូបានតែងតាំងអនុប្រធានាធិបតី Dina Boluarte ឱ្យចូលកាន់តំណែង។
លោកស្រីBoluarte បានស្បថចូលកាន់តំណែងក្នុងរដ្ឋសភា ហើយបានក្លាយជាប្រធានាធិបតីទី៦របស់ប្រទេសប៉េរូក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ លោកស្រី Boluarte នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យបក្សពួកនយោបាយរួបរួមគ្នាដើម្បីជម្នះវិបត្តិបច្ចុប្បន្ន។លោកស្រីក៏បានរិះគន់ការប៉ុនប៉ងរបស់លោក Castillo ដើម្បីរំលាយសភាថាជា “ផែនការរដ្ឋប្រហារ” ។
យោងតាមទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក លោក Castillo ត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅក្នុងរដ្ឋធានី Lima ។ អាជ្ញាធរប៉េរូបានប្រកាសថា ពួកគេបានផ្ញើសំណើមួយទៅកាន់អគ្គមេធាវីដើម្បី “ចាប់ផ្តើមដំណើរការកាត់ទោសអតីតប្រធានាធិបតី Pedro Castillo សម្រាប់ការគ្រោងធ្វើរដ្ឋប្រហារ” ៕ ដោយធីរីណា
រូបថត :CNN