ក្រសួងសុខាភិបាលចេញសេចក្តី​សម្រេច​ បិទមន្ទីរសំរាកព្យាបាល ដើមអង្រ្គង និងដកហូតលិខិតអនុញ្ញាត ម្ចាស់មានការទទួលខុសត្រូវតាមផ្លូវច្បាប់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ 

ក្រសួងសុខាភិបាលបញ្ជាក់ថា, ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្រ្គង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។ ត្រូវទុកជាមោឃៈនូវសេចក្ដីសម្រេចលេខ ១៤៨/២០. អបស/មព ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួង សុខាភិបាល ។

 អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និង លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ ។

 សូមបញ្ជាក់ថា ការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្ក្រងនេះ ធ្វើឡើងបន្ទាប់ពីការធ្វេសប្រហែស ដោយបានធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ក្នុងផ្ទៃមានអាយុ១៨សប្ដាហ៍ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត។

ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្ក្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្ក្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាល បន្តនៅរាជធានីភ្នំពេញ។

ថ្មីៗនេះ ទទួលដំណឹងថា, ស្តី្រខាងលើ មានអាការៈធូរស្រាលជាងមុន បន្ទាប់ពីមានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ហើយក៏មានសប្បុរសជន ជួយ ជាមួយក្តីអាណិតអាសូរ ដល់ជនរងគ្រោះ ៕

         

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print