ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា ចំនួន២កង គឺកង កម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) ដែលជាកងទី៩ របស់កម្ពុជា បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្រោយបានបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហ ប្រជាជាតិ ប្រកបដោយជោគជ័យ នៅប្រទេសម៉ាលី។
ពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) ត្រូវបានធ្វើឡើងនៅព្រឹកទាបភ្លឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពនាយឧត្តម សេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់ ត្រូវមន្ត្រីក្រសួងសុខាភិបាលធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ និងធ្វើតេស្តរកមេរោគជំងឺគ្រុនចាញ់មុននឹងអនុញ្ញាតឱ្យជួបក្រុមគ្រួសារដែលទៅទទួល។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា កងទាំង២ ខាង លើនេះ គឺបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ព្រមជាមួយ នឹងលទ្ធផលគួរជាទីមោទនៈថ្មីៗបន្ថែមទៀត។ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ បានបំពេញការងារមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា អាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់៥៣អង្សាសេ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពីការខិតខំពុះពារជម្នះ គ្រប់ឧបសគ្គទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់យើង ព្រមទាំងបានវិលត្រឡប់មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយទឹកមុខញញឹមប្រឹមប្រិយ។
ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ ក៏សូមថ្លែង អំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ ដែលតែងតែគិតគូរសួរសុខទុក្ខដល់កម្លាំងយើងជាប់ជាប្រចាំនិងត្រូវរួមទាំងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ឺងម៉ាត់ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទគំរូ ដើម្បីគ្រួសារយើងខ្លួនយើង និងសង្គមជាតិយើងទាំងមូល។
កងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះបោះទីតាំហឈរជើង ៣ ទីតាំងនៅទីក្រុង GAO, MOPTI និង TIMBUTU មានចំនួន១៤៤នាក់ ក្នុងនោះមាននារី១១ នាក់ដោយ ធ្វើការបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ ដោះបន្សាបគ្រឿងផ្ទុះ និងគ្រាប់កែច្នៃ។ ចំពោះកងកម្លាំងវិស្វកម្មព្រលានយន្តហោះ បោះទីតាំងឈរជើងនៅក្រុងគីដាល់ និងតេសាលីត ដែលមានកម្លាំងចំនួន១៥៤នាក់ ក្នុងនោះកម្លាំងនារីចំនួន១៥នាក់ គឺធ្វើការថែទាំព្រលានយន្តហោះ និងការងារស្ថាបនា ជួសជុលជាច្រើនទៀតផងដែរ។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥ នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការ សហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ ដោយ៖ សូរិយា